(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតកាំភ្លើងមួយនៅក្នុងសហរដ្ឋអាមេរិក បានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងតាមរយៈការចេញលក់កាំភ្លើងពិតដែលតុបតែងដូចជា កាំភ្លើងជ័រសម្រាប់កូនក្មេង ចំពេលកុមាររាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានក្លាយជាជនរងគ្រោះដោយសារកាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្រុមហ៊ុន Culper Precision បានដាក់លក់កាំភ្លើងប្រភេទ Block19 ក្នុងតម្លៃចន្លោះពី ៥៤៩ដុល្លារ ដល់៧៦៥ដុល្លារ តែព្រមពេលជាមួយគ្នា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយ បាន និងកំពុងបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដ្បិត Block19 ត្រូវ បានតុបតែងដូចជាកាំភ្លើងជ័រសម្រាប់កូនក្មេង។

បន្ថែមពីលើនេះ នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មដដែលក្នុងវីដេអូមួយលើ Instagram កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ក្រុមហ៊ុន Culper Precision ក៏បាននិយាយដូច្នេះដែរថា៖ «សប្បាយជាមួយកាំភ្លើង, សប្បាយជាមួយការបាញ់កាំភ្លើង ហើយគ្រាប់កាំភ្លើង៣០គ្រាប់ពិតជាគួរឱ្យសប្បាយ»។ តែក្រោយរងការ រិះគន់ វីដេអូនេះត្រូវបានលុបចោលវិញ។

គួបញ្ជាក់ថា អង្គការ Moms Demand Action ដែលធ្វើការពាក់ព័ន្ធជាមួយកាំភ្លើង បានឱ្យដឹងថាក្នុងឆ្នាំ២០២១នេះ មានឧបទ្ទវហេតុបាញ់ប្រហារច្រើនជាង ១៦៥លើក បង្កឡើងដោយកុមារនៅក្នុងសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំ២០២០ មនុស្ស ១៤២នាក់បានស្លាប់ដោយសារហេតុការណ៍បាញ់ប្រហាររាលកៃ ដោយកុមារ ឬក្មេងជំទង់៕