(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៧,៨៩៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនជាង ២.៦លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ COVID-19 ចំនួន៨៦៤នាក់ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនជាង ៦៨,០០០នាក់។

គួរបញ្ជាក់ថា ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ៕