(ហ្សឺណែវ)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូប មកពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញសេចក្តីព្រមានមួយ ប្រឆាំងនឹងការចាក់វ៉ាក់សាំង COVID-19 លាយគ្នា ឬផ្គូរផ្គងការវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនផ្សេងពីគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ តាមរយៈប្រព័ន្ធអនឡាញ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អង្គការសុខភាពពិភពលោក លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានហៅ ការចាក់វ៉ាក់សាំងលាយគ្នា គឺជានិន្នាការដ៏គ្រោះថ្នាក់។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជានិន្នាការគ្រោះថ្នាក់... ដែលអាចនឹងបង្កភាពចលាចល នៅក្នុងប្រទេសនានា បើសិនជាប្រជាជននៃប្រទេសនោះ ត្រូវប្រឈមមុខនឹងការសម្រេចចិត្តថា ពេលណា ហើយនិងនរណាខ្លះ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី២, ដូសទី៣ និង ដូសទី៤ នោះ»

គួរបញ្ជាក់់ថា ការអះអាងរបស់លោកស្រី Soumya Swaminathan បានធ្វើឡើងនៅចំពេលប្រទេសមួយចំនួន កំពុងធ្វើការសិក្សា និងធ្វើតេស្ដពីការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន ០២ផ្សេងគ្នា ហើយយកមកលាយគ្នា ដូចជាវ៉ាក់សាំង Pfizer និង AstraZeneca ជាដើម។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់ ដែលបញ្ជាក់អំពីសុវត្ថិភាព ឬប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងលាយគ្នានេះនៅឡើយទេ៕