(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Toshimitsu Motegi) បានប្រកាសនៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រទេសរបស់លោកនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសទៀតទៅកាន់តៃវ៉ាន់ ដើម្បីគាំទ្រកោះនេះក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺក៏កាចសាហាវ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានគូសបញ្ជាក់ថា វ៉ាក់សាំងដែលខ្លួនបរិច្ចាគដល់តៃវ៉ាន់ នឹងត្រូវចាប់ផ្តើមធ្វើការដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលវានឹងធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 ដែលជប៉ុនបានបរិច្ចាគទៅកោះតៃវ៉ាន់ កើនឡើងសរុបរហូតដល់ ៣.៤លានដូសផងដែរ។

គួរបញ្ជាក់ថា ក្រោយពីទទួលបានដំណឹង អំពីការបរិច្ចាគវ៉ាក់សាំងបន្ថែមខាងលើនេះ ក្រសួងការបរទេសនៃកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងមួយ ដើម្បីថ្លែងអំំណរគុណចំពោះជប៉ុន ដែលបានជួយខ្លួនក្នុងគ្រាដ៏លំបាកនេះផងដែរ។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ កោះតៃវ៉ាន់ដែលមានប្រជាជនសរុបជាង ២៣លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ១៥,២៧៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧៤១នាក់ និងជាសះស្បើយវិញ ១២,៨៣៨នាក់ ខណៈប្រជាជនតៃវ៉ាន់សរុបជាង ៧២,០០០នាក់ ឬស្មើនឹង ០.៣% នៃចំនួនប្រជាជនសរុប បានចាក់វ៉ាក់សាំងគ្រប់ដូស។

ក្រៅពីការបរិច្ចាគវ៉ាក់សាំងទៅកាន់កោះតៃវ៉ាន់ ជប៉ុនក៏បានបរិច្ចាគទៅកាន់ប្រទេសមួយចំនួនទៀត នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ក្នុងនោះមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី និងកម្ពុជាដើម ដែលសុទ្ធសឹងជាប្រទេសកំពុងមើលករណីឆ្លង និងស្លាប់ដោយសារ COVID-19 កើនឡើងឥតឈប់ឈរ៕