(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦,៦៤២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៧៦៦,៤០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៣,០២៩នាក់ និងជាសះស្បើយឡើងសរុប ២៩.២៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមមន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬពីរដូស មិនទាន់ចាំបាច់ត្រូវការចាក់វ៉ាក់សាំងដូសទី ៣ នៅឡើយទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកតំណាង មកពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៣.៨៤លាននាក់ (៥៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៩លាននាក់ (៤៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕