(ណាស្ស៊ីរីយ៉ា)៖ មនុស្សយ៉ាងហោចណាស់ ៥២នាក់ស្លាប់ និង ២២នាក់ទៀតរងរបួស នៅក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID-10 ស្ថិតក្នុងទីក្រុង ណាស្ស៊ីរីយ៉ា (Nassiriya) ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

គ្រោះអគ្គិភ័យដែលទំនងជាត្រូវបានបង្កឡើង ដោយការផ្ទុះធុងស្តុកអុកស៊ីសែនខាងលើនេះ គឺជាលើកលើកទី ២ ហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ គិតក្នុងអំឡុងពេល៣ខែមកនេះ។ មន្ទីរពេទ្យដែលត្រូវបានឆាបឆេះនេះមានឈ្មោះថា អាល់-ហ៊ូស្សេន (Al-Hussein) ហើយក្រោយផ្ទុះហេតុការណ៍នេះកាលពីយប់ថ្ងៃចន្ទ ក្រុមពន្លត់អគ្គិភ័យបានទៅដល់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅប៉ុន្មានម៉ោងបន្ទាប់។

អាជ្ញាធរទីក្រុង Nassiriya បានប្រកាសថា សាកសពសរុប ៥២នាក់ ត្រូវបានយកចេញពីអគារមន្ទីរពេទ្យ នៅត្រង់បន្ទប់សាលដាក់អ្នកជំងឺ COVID-19 ឲ្យនៅដាច់ដោយឡែកដែលត្រូវបានភ្លើងឆេះ និងមនុស្ស ២២នាក់ទៀតរងរបួស។ អាជ្ញាធរបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានស្លាប់នៅក្នុងភ្នក់ភ្លើង ខណៈការស្វែងរកអ្នកអាចបាត់ខ្លួនកំពុងបន្តនៅឡើយ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក មូស្តាហ្វា អាល់ ខាឌីមី ( Mustafa al-Kadhimi) បានកោះប្រជុំភ្លាមៗនៅក្រោយពេលកើតហេតុ ដោយលោកបានបញ្ជាឲ្យអាជ្ញាធរ ចាប់ឃុំខ្លួនអ្នកពាក់ព័ន្ធ និងអ្នកគ្រប់គ្រងសន្តិសុខនៃមន្ទីរពេទ្យខាងលើនេះ ជាបណ្តោះអាសន្ន៕