(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់២,៣៨៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៣៧៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៦នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៧៦៤ករណី។

គួរបញ្ជាក់ថា នេះជាថ្ងៃទីប្រាំពីរហើយ ដែលវៀតណាមបំបែកំណត់ត្រាថ្មី ក្នុងការរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣០,០០០នាក់ ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,៣៣១នាក់៕