(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោច ៤០នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិវាយប្រហារតាមផ្លូវអាកាសយ៉ាងក្តៅគគុក ដែលធ្វើឡើងដោយយោធាអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា នៅខេត្ត Helmand ភាគខាងត្បូងប្រទេស ជនសកម្មប្រយុទ្ធ១៤នាក់ ត្រូវបានផ្តាច់ជីវិត និង២នាក់ទៀតបានរងរបួស ក្រោយក្រុមយន្តហោះចម្បាំង របស់ទ័ពអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារនៅស្រុក Garmser លើក្រុមតាលីបង់។

ចំណែកនៅខេត្ត Nimroz ភាគខាងលិចប្រទេសឯណោះវិញ ជនសកម្មប្រយុទ្ធ ២០នាក់ ត្រូវបានសម្លាប់ និង៣៥នាក់ទៀតរងរបួស ពេលយោធាអាហ្វហ្គានីស្ថាន ទម្លាក់គ្រាប់បែកនៅស្រុក Dilaram លើគោលដៅតាលីបង់។ ក្រៅពីនេះ ជនសកម្មប្រយុទ្ធ៦នាក់ទៀត ត្រូវបានផ្តាច់ជីវិត និង៥នាក់បានរងរបួស ក្រោយមូលដ្ឋានតាលីបង់ នៅស្រុក Tagab ក្នុងខេត្ត Kapisa ទទួលការវាយប្រហារតាមផ្លូវអាកាស ពីយោធាអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ខណៈកងទ័ពអាមេរិកនិងណាតូ កំពុងត្រូវដកចេញពីអាហ្វហ្គានីស្ថាន អំពើហិង្សាដែលបង្កឡើងដោយក្រុមតាលីបង់ ក៏ហាក់កើនឡើងគួរឲ្យកត់ សម្គាល់ផងដែរ។ ដូច្នេះហើយ ជាការឆ្លើយតបចំពោះស្ថានការណ៍ កងកម្លាំងយោធារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិងកំពុងបន្តវាយលុកទៅលើមូលដ្ឋាន របស់ក្រុមសកម្មប្រយុទ្ធ នេះ នៅក្នុងប្រទេសរបស់ខ្លួន៕