(ស៉ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales) ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុត នៅភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១១២ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតនៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ភាគច្រើនត្រូវបានរកឃើញនៅទីក្រុងស៉ីដនី ខណៈទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតនេះ កំពុងឈានចូលដល់ការបិទខ្ទប់នៅសប្តាហ៍ទី ៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (មានប្រភពដើមពីឥណ្ឌា) ដែលកំពុងឆ្លងរាតត្បាតកាន់តែខ្លាំង។

ជុំវិញបញ្ហានេះ អភិបាលរដ្ឋ New South Wales លោកស្រី គ្លេឌីស ប៊ឺរ៉េជីក្លេន (Gladys Berejiklian) បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ តាមកញ្ចក់ទូរទស្សន៍អូស្ត្រាលីថា ស្ថានភាពនៃចំនួនករណីឆ្លង COVID-19 នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនឹងកំណត់ថា តើការបិទខ្ទប់ទីក្រុងស៊ីដនី ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រខាងមុខនេះ នឹងអាចត្រូវបន្តទៀតដែរ ឬក៏យ៉ាងណា។

លោកស្រី Gladys បានគូសបញ្ជាក់បន្ថែមថា «យើងត្រូវការឱ្យចំនួនករណីឆ្លង ធ្លាក់ចុះដល់សូន្យតាមដែលអាចធ្វើទៅបាន... វាអាស្រ័យលើយើង។ ដំបូន្មានរបស់អ្នកជំនាញផ្នែកសុខភាព នឹងផ្អែកលើចំនួនករណីឆ្លងទាំងនោះ។ ខ្ញុំមិនអាចបកស្រាយឱ្យច្បាស់ជាងនេះទេ»

ទោះជាយ៉ាងណា ប្រទេសអូស្រ្តាលីនៅតែមានស្ថានភាពប្រសើរ ជាងប្រទេសអភិវឌ្ឍន៍ដទៃៗទៀត ក្នុងការគ្រប់គ្រងករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ឱ្យនៅកម្រិតទាបមួយ គឺមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសត្រឹមតែជាង ៣១,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៩១១នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសអូស្រ្តាលីសម្រេចបានប្រមាណជិត ១០លានដូសហើយ ខណៈប្រជាជនសរុបមានជាង ២៥លាននាក់៕