(សេអ៊ូល)៖ អ្នកស្រាវជ្រាវកូរ៉េខាងជើងម្នាក់បាននិយាយថា ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកគឺជា «គ្រោងការណ៍នយោបាយបង្កប់ចេតនាអាក្រក់» ដើម្បីដាក់សម្ពាធលើប្រទេសដទៃ បន្ទាប់ពីកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានផ្តល់យោបល់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬជំនួយផ្សេងទៀត អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

លោក កាង យុន ចុល ( Kang Hyon Chol) ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់កូរ៉េខាងជើងមា្នក់ បានលើកឡើងនូវឧទាហរណ៍ជាច្រើន មកនៅជុំវិញពិភពលោក ដែលលោកអះអាងថា បានសបញ្ជាក់ឲ្យឃើញពីយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងការចងភ្ជាប់ជំនួយទៅនឹង វត្ថុបំណងនៃគោលនយោបាយការបរទេសរបស់ខ្លួន ឬក៏ការដាក់សម្ពាធលើបញ្ហាសិទ្ធិមនុស្ស។

ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានចុះផ្សាយពីការរិះគន់របស់លោក Kang ចំពោះជំនួយអាមេរិក នៅលើវែបសាយផ្លូវការរបស់ខ្លួនថែមទៀតផង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលជាសញ្ញាយ៉ាងជាក់ច្បាស់ថា វាក៏ឆ្លុះបញ្ចាំងនូវទស្សនរបស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងផងដែរ។

លោក Kang បានមានប្រសាសន៍ថា «នេះបង្ហាញឱ្យឃើញច្បាស់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការភ្ជាប់ «ជំនួយមនុស្សធម៌» ជាមួយនឹង «បញ្ហាសិទ្ធិមនុស្ស» គឺដើម្បីដាក់សម្ពាធទៅលើរដ្ឋអធិបតេយ្យ និងដើម្បីសម្រេចបាននូវផែនការនយោបាយ ដ៏អាក្រក់របស់ពួកគេ។ នៅក្នុងការអនុវត្តជាក់ស្តែង ប្រទេសជាច្រើនបានភ្លក្សរសជាតិល្វីងជូរចត់ ដែលជាលទ្ធផលនៃការសង្ឃឹមទុកច្រើនពេក លើជំនួយមនុស្សធម៌ និងការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញសញ្ញាជាសាធារណៈ នៃការចាប់អារម្មណ៍ទទួលយកជំនួយពីកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកនោះទេ ទោះបីជាប្រទេសនេះបានទទួលយកជំនួយក្នុងកម្រិតមួយ ពីប្រទេសចិន និងរុស្ស៊ីក៏ដោយ៕