(ឡូសអាន់ជែលែស)៖ ប្រជាជនរាប់លាននាក់ នៅទូទាំងតំបន់ភាគខាងលិចសហរដ្ឋអាមេរិក និងប្រទេសកាណាដា បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាររលកកម្ដៅថ្មីមួយទៀត ដែលបង្ខំឱ្យអាជ្ញាធរបិទផ្លូវធ្វើដំណើរជាច្រើនទីតាំង, រឹតត្បិតការធ្វើដំណើរតាមរថភ្លើង និងបង្គាប់ឱ្យមានការជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងប្រទេសកាណាដា អាជ្ញាធរបានប្រកាសដាក់ចេញវិធានការថ្មីជាច្រើន ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈបច្ចុប្បន្នប្រទេសមួយនេះ កំពុងប្រឈមមុខនឹងរលកកម្ដៅ និងភ្លើងឆេះដែលនៅតែបន្តឆេះរាលដាល ក្នុងនោះមានទាំងភ្លើងឆេះព្រៃ ៥០ទីតាំងនៅបន្តឆេះរាលដាលនៅឡើយ។ សម្រាប់នៅកាណាដា មនុស្សរាប់រយនាក់ហើយបានបាត់បង់ជីវិត ព្រោះតែរលកកម្តៅដ៏អាក្រក់នេះ។

ដោយឡែក ទីភ្នាក់ងារឧតុនិយមអាមេរិកក៏បានព្រមានដែរថា សីតុណ្ហភាពក្ដៅអាចនឹងឡើងដល់ចំណុចមួយដ៏គ្រោះថ្នាក់ ឬឡើងក្ដៅបំបែកកំណត់ត្រាថ្មីមួយ នៅតំបន់ភាគខាងលិចនៃប្រទេស ខណៈអាជ្ញាធរ ឧតុនិយមកាណាដាក៏បានព្យាករណ៍ដែរថា សីតុណ្ហភាពអាចនឹងឡើងក្ដៅរហូតដល់ ៣២អង្សាសេមិនធ្លាប់មាន នៅផ្នែកខ្លះនៃភាគខាងលិចប្រទេសកាណាដា។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ រលកកម្ដៅក្នុងទីក្រុង ឡា វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា ភាគខាងលិចសហរដ្ឋអាមេរិក បានកើនដល់ជាង ៤៧អង្សាសេ ជាសីតុណ្ហភាពក្ដៅបំផុត ដែលបំបែកកំណត់ត្រាថ្មីមួយ គិតចាប់តាំងពីឆ្នាំ១៩៤២ ហើយនៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា (ពេលវេលានៅអាមេរិក) សីតុណ្ហភាពបានឡើងដល់ ៥៤អង្សាសេ ក្នុងតំបន់ ដេតស៍ វ៉ាលឡេយ (Death Valley) រដ្ឋកាលីហ្វ័រញ៉ា៕