(វៀងច័ន្ទ)៖ ប្រជាជនឡាវជាង ១លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ដែលស្មើនឹងប្រមាណ ១៤% នៃប្រជាជនសរុបរបស់ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឡាវ The Laotian Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ចំណុះឲ្យក្រសួងសុខាភិបាលឡាវបានឱ្យដឹងថា ប្រជាជនសរុប ១,០១៥,២៦២នាក់ ឬច្រើនជាង ១៤% នៃប្រជាជនសរុបរបស់ប្រទេសឡាវ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០១ដូសរួចរាល់ហើយ ខណៈជាង ៦០ម៉ឺននាក់ទៀត ឬ ៨% នៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសឡាវ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២,១៩៧,០០០ដូស ក្នុងនោះមានវ៉ាក់សាំង Sinopharm ចំនួន ១,៩០២,០០០ដូស, វ៉ាក់សាំង Pfizer ចំនួន ១៦២,០០០ដូស, វ៉ាក់សាំង AstraZeneca ចំនួន ១៣២,០០០ដូស និងវ៉ាក់សាំង Sputnik V ចំនួន ១,០០០ដូស។

ទោះជាយ៉ាងណា អគ្គនាយកនៃនាយកដ្ឋានលើកកម្ពស់អនាម័យ និងសុខភាព នៃក្រសួងសុខាភិបាលឡាវ លោកវេជ្ជបណ្ឌិត ផុនផាសឺត ឧណាផុម (Phonepaseuth Ounaphome) បានថ្លែងថា ប្រទេសឡាវរំពឹងទទួលបានវ៉ាក់សាំងប្រមាណ ៦.៦លានដូសមានន័យថា ៥០% នៃប្រជាជនសរុបនឹងអាចទទួលបាន ការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ក្នុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា សម្រាប់ការឆ្លងរាតត្បាត COVID-19 វិញ ប្រទេសឡាវហាក់បានធូរស្រាលវិញកាន់តែខ្លាំងហើយ បន្ទាប់ពីបានជួបការផ្ទុះយ៉ាងគំហុក កាលពីអំឡុងខែមេសា ឆ្នាំ២០២១។ គិតត្រឹមចុងសប្តាហ៍មុននេះ ឡាវមានករណីឆ្លងសរុប ២,៧១៩ករណី ក្នុងនោះស្លាប់ ០៣នាក់ និងជាសះស្បើយវិញ ២,១៧៤នាក់៕