(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃចន្ទនេះ នឹងជំរុញប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈលោកត្រូវបានគេរំពឹងថា នឹងប្រកាសពីផែនការ «ដកវិធានការរឹតត្បិត» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ស្ទើរតែទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែកក្កដាខាងមុខនេះតទៅ ទោះបីជាករណីឆ្លងមានការកើនឡើងវិញ គួរឲ្យកត់សម្គាល់មិនធ្លាប់មាន ជាច្រើនខែមកហើយក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។

កាលពីដើមសប្តាហ៍នេះ លោក Johnson បានដាក់ចេញនូវសំណើ ដើម្បីដកចេញនូវវិធានការពាក់ម៉ាស វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការណែនាំឲ្យធ្វើការពីផ្ទះ ជាអ្វីដែលលោកបានហៅថា «ផ្លូវមួយឆ្ពោះទៅរកសេរីភាព»។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ នឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍)។

លោក Johnson បានគូសបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា «ជំងឺឆ្លងរាតត្បាតសកល មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។ ករណីឆ្លងនឹងកើនឡើង នៅពេលដែលយើងបើកទ្វារឡើងវិញ។ នេះជាមូលហេតុដែលបង្ហាញថា ការប្រុងប្រយ័ត្នពិតជាមានសារៈសំខាន់ណាស់ ហើយយើងត្រូវតែទទួលខុសត្រូវទាំងអស់គ្នា ដូច្នេះទើបផែនការរបស់យើង អាចដំណើរការទៅមុខយ៉ាងរលូន»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺដែនដីដែលរងគ្រោះធ្ងន់ធ្ងរមួយ នៅលើពិភពលោក ដោយមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ជាង ១២៨,០០០នាក់ ប៉ុន្តែក៏ជាប្រទេសដែលបានដាក់ចេញ នូវកម្មវិធីចាក់វ៉ាក់សាំងលឿនបំផុតមួយ នៅលើពិភពលោកផងដែរ ដែលឥឡូវនេះមានប្រជាជនពេញវ័យជាង ៨៧% ហើយដែលបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ខណៈ ៦៦% ទៀតបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ពីរដូស)។ ទោះជាយ៉ាងណា នាប៉ុន្មានសប្តាហ៍ថ្មីៗនេះអង់គ្លេសក៏បានកត់ត្រាពី ការកើនឡើងវិញនូវករណីឆ្លង គួរឱ្យកត់សំគាល់ផងដែរ៕