(តៃប៉ិ)៖ ក្រុមហ៊ុនធំៗពីររបស់កោះតៃវ៉ាន់គឺ Foxconn និង TSMC បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះថា ពួកគេទើបចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០លានដូស ពីក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នៅក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

កោះតៃវ៉ាន់ដែលពីដំបូងឡើយត្រូវបានចាត់ទុកថា បានគ្រប់គ្រងការរាតត្បាត COVID-19 យ៉ាងល្អប្រសើរបំផុតក្នុងនោះ នៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បែរជាប្រឈមមុខករណីឆ្លងយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ។ ហេតុដូច្នេះទើបរដ្ឋាភិបាលនៃកោះនេះ បាននិងកំពុងស្វះស្វែងបញ្ជាទិញ និងស្នើសុំជំនួយជាវ៉ាក់សាំងពីគ្រប់ទិសទី លើកលែងតែចិន បើទោះបីជាទីក្រុងប៉េកាំងបានប្រកាសជាច្រើនដងថា ខ្លួនស្ម័គ្រចិត្តបរិច្ចាគ តាមសំណូមពររបស់ជនរួមជាតិក្តី។

កាលពីខែមិថុនាកន្លងទៅនេះ ចំពោះមុខសម្ពាធកាន់តែខ្លាំងពីមហាជន រដ្ឋាភិបាលកោះតៃវ៉ាន់បានសម្រេច ប្រគល់តួនាទីបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ទៅដល់ក្រុមហ៊ុន Foxconn និង TSMC ជាអ្នកចរចាជាមួយក្រុមហ៊ុនបរទេសវិញ។ ក្រុមហ៊ុន BioNTech អាល្លឺម៉ង់ ដែលមានសាខានៅទីក្រុងសៀងហៃ នៃប្រទេសចិនបានអះអាងផងដែរថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារួចរាល់ហើយ ដោយក្រុមហ៊ុន Foxconn សម្រេចទិញ ០៥លានដូស និង TSMC ០៥លានដូស។

គួរបញ្ជាក់ថា ក្រោយការទទួលបានវ៉ាក់សាំងបង្ការ COVID-19 ទាំងអស់ខាងលើនេះ ពួកវានឹងត្រូវបរិច្ចាគទៅកាន់រដ្ឋាភិបាលកោះតៃវ៉ាន់តែម្តង ដើម្បីរៀបចំដំណើរការចាក់ជូនប្រជាជន។ កោះតៃវ៉ាន់ដែលមានប្រជាជនសរុបជាង ២៣លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញនេះមានករណីឆ្លង COVID-19 សរុប ១៥,២៤៩ករណី ក្នុងនោះស្លាប់ ៧៤០នាក់ និងជាសះស្បើយវិញ ១២,៨៣៨នាក់។ គិតត្រឹមពេលដដែល ប្រជាជននៅកោះតៃវ៉ាន់សរុបជាង ៧២,០០០នាក់ ឬ ០.៣% នៃប្រជាជនសរុបបានចាក់់វ៉ាក់សាំង COVID-19 គ្រប់ដូស៕