(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់១,៩៥៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១,៩៤៥ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៨នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៣៩៧ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៩,៨៩២នាក់ (២៧,៨៩២នាក់ជាករណី ឆ្លងនៅក្នុងស្រុក និង ១,៩២៤នាក់ជាករណីនាំចូល) ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,២៧៥នាក់៕