(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ ជំងឺ COVID-19 ចំនួន ៩,៥៣៩នាក់ ព្រមទាំងករណីស្លាប់៨៦នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៨ករណី ជាអ្នកដំណើរទើបត្រឡប់មកពីក្រៅប្រទេស និង១០៨ករណី នៅក្នុងពន្ធនាគារ ខណៈ ក្រៅពីនោះ គឺត្រូវបានរកឃើញ ក្នុងចំណោមប្រជាជនថៃទូទៅ។ តំបន់ដែលមានករណីឆ្លងថ្មីច្រើនៗជាងគេ រួមមានទីក្រុងបាងកក ដែល រកឃើញ២,៧៤១ករណី, ខេត្ត Pathum Thani រកឃើញ១,១០៨ករណី, ខេត្ត Samut Prakan រកឃើញ៦៤២ករណី, ខេត្ត Samut Sakhon រកឃើញ៥៩៣ករណី និងខេត្ត Chonburi រកឃើញ៣៨១ករណី។

សម្រាប់ករណីស្លាប់ថ្មីវិញ ទីក្រុងបាងកកមាន៦១ករណី, ខេត្ត Samut Prakan មាន១៦ករណី និងខេត្ត Pattani មាន៤ករណី ដែលសុទ្ធតែ ជាជនជាតិថៃផ្ទាល់ ខណៈប៉ុន្មានករណីទៀតជាជនបរទេស រួមមានជនជាតិមីយ៉ាន់ម៉ានិងចិន។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ ៤,០៥៣នាក់ ក៏ទើបតែបានជាសះស្បើយពី COVID-19 នៅក្នុងប្រទេសថៃផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃមានករណីឆ្លងសរុបកើនដល់៣៣៦,៣៧១នាក់ ក្នុងនោះមានអ្នកស្លាប់២,៧១១នាក់ និងជាសះស្បើយ ២៤៧,៩៧១នាក់។ រីឯការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន១២.៤៦លានដូស។ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ខាងមុខនេះ ទីក្រុងបាងកក ព្រមទាំងខេត្ត៥នៅក្បែរខាង រួមនិងខេត្ត៤ទៀតនៅតំបន់ភាគខាងត្បូង នឹងត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំង COVID-19៕