(កង់បេរ៉ា)៖ នៅថ្ងៃអាទិត្យនេះ អូស្រ្តាលីបានប្រកាសពី ករណីមនុស្សស្លាប់លើកដំបូងបំផុត ដោយសារជំងឺ COVID-19 ប្រចាំនៅក្នុងឆ្នាំនេះ រួមជាមួយករណីឆ្លងថ្មីៗចំនួន៧៧នាក់ នៅរដ្ឋ New South Wales ដែលកំពុងតែព្យាយាមគ្រប់គ្រង ការរាតត្បាតនៃវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធររដ្ឋ New South Walse រំពឹងថា ករណីឆ្លងអាចនឹងបន្តកើនឡើងថែមទៀត ជាពិសេសនៅតំបន់ជុំវិញ និងនៅក្នុងទីក្រុងស៉ីដនី ដែលបាននិងកំពុងស្ថិតក្រោមវិធានការបិទខ្ទប់ ( lockdown) រួចស្រេចទៅហើយ។ កាលពីថ្ងៃសៅរ៍ម្សិលមិញ រដ្ឋភាគអាគ្នេយ៍អូស្រ្តាលីមួយនេះ បានរាយការណ៍ករណីឆ្លងថ្មីៗ៥០នាក់ ដែលជាចំនួនច្រើនបំផុតកន្លងមកប្រចាំឆ្នាំ២០២១ មុនចំនួន៧៧នាក់ខាងលើ។ សម្រាប់ករណីឆ្លងសរុប គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មីចុងក្រោយ បានចាប់ផ្តើមនៅរដ្ឋ New South Wales គឺកើនដល់៥៦៦នាក់ ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណា អូស្រ្តាលីនៅតែហាក់គ្រាន់បើ ជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងការគ្រប់គ្រងករណីឆ្លងរាលដាលនៃ COVID-19 ឲ្យនៅកម្រិតទាបមួយ គឺមកទល់ពេលនេះ អូស្រ្តាលីមានករណីឆ្លងត្រឹមជាង ៣១,០០០នាក់ ក្នុងនោះមានអ្នកស្លាប់៩១១នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ អូស្រ្តាលីសម្រេចបានប្រហែលជិត១០លានដូស ខណៈប្រជាជនសរុបមានចំនួនជាង២៥លាននាក់៕