(ព័រអូប៉្រាំង)៖ ភរិយាប្រធានាធិបតីហៃទី ដែលត្រូវបានគេធ្វើឃាតក្នុងសប្តាហ៍នេះ បានចេញមុខនិយាយរៀបរាប់ អំពីហេតុការណ៍នាពេលនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី ម៉ាទីនេ ម៉ូអ៉ីស (Martine Moise) បាននិយាយថា ហេតុការណ៍នោះបានកើតឡើងយ៉ាងរហ័សបំផុត ដោយស្វាមីលោកស្រីគឺ លោកប្រធានាធិបតី ហ្សូណេវែល ម៉ូអ៉ីស (Jonevel Moise) មិនមានឱកាសបាននិយាយអ្វី សូម្បីតែពាក្យមួយម៉ាត់។ បើតាមលោកស្រី ក្រុមខ្មាន់កាំភ្លើងដែលមិនដឹងមានគ្នាប៉ុន្មានអ្នកឲ្យប្រាកដនោះ បានសម្រុកចូលមកក្នុងលំនៅឋានរបស់លោកស្រី រួចបាញ់គ្រាប់កាំភ្លើង រះមកលើស្វាមីលោកស្រីភ្លាមៗ។

គួរបញ្ជាក់ថា លោកស្រី ម៉ាទីនេ ខ្លួនឯងផ្ទាល់ ក៏បានរងរបួសធ្ងន់ធ្ងរផងដែរ រហូតត្រូវដឹកតាមយន្តហោះទៅសង្រ្គោះនៅទីក្រុងម៉ាយយ៉ាមី (Miama) ក្នុងទឹកដីសហរដ្ឋអាមេរិក។ ពេលនេះស្ថានភាពលោកស្រី គឺហាក់បានគ្រាន់បើបន្តិចវិញហើយ។ លោកស្រីបានអះអាងថា ការធ្វើឃាតស្វាមីលោកស្រី គឺធ្វើឡើងក្រោមហេតុផលនយោបាយ ជាពិសេសពាក់ព័ន្ធនឹងការធ្វើប្រជាមតិ ទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចផ្តល់អំណាចច្រើនជាងមុនដល់ប្រធានាធិបតី។

លោក ហ្សូណេវែល ម៉ូអ៉ីស ត្រូវគេធ្វើឃាតក្នុងគេហដ្ឋានផ្ទាល់ខ្លួន នៅជាយរដ្ឋធានីព័រអូប៉្រាំង កាលពីយប់រំលងអធ្រាត្រ ថ្ងៃពុធសប្តាហ៍នេះ។ បើតាមអាជ្ញាធរហៃទី ជនបរទេសសរុប២៨នាក់ ភាគច្រើនជាជនជាតិកូឡុំប៊ី គឺមានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតនេះ ដោយមួយចំនួនត្រូវចាប់ខ្លួនបាន ខ្លះត្រូវបានសម្លាប់ និងខ្លះទៀតកំពុងស្ថិតក្រោមការតាមចាប់៕