(ប៉េកាំង)៖ សេតវិមានអាមេរិកបានប្រកាសកាលពីថៃ្ងទី៧ ខែកក្កដាថា នឹងពន្យារពេលអ្វីដែលហៅថា «សភាពអាសន្នថ្នាក់ជាតិ ដែលសំដៅចំពោះស្ថានការណ៍ហុងកុង» ព្រមទាំងនឹងអនុវត្តវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងហុងកុងជាបន្តទៀត។ ទង្វើរបស់អាមេរិកបែបនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃ ទំនាក់ទំនងអន្តរជាតិ គឺជាទង្វើអនុត្តរភាពដែលមិនគិតពិចារណាពីការកែតម្រូវកំហុសរបស់ខ្លួន និងជាទង្វើខុសជាន់លើខុស។

ប្រទេសចិនបានសម្តែងការខឹងសម្បា និងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការនេះ។ ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយរបស់ប្រទេសចិន ហើយការអនុវត្តសិទ្ធិ គ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលមជ្ឈិមចំពោះតំបន់រដ្ឋបាលពិសេសហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។ «សៀវភៅសស្តីពីសហគ្រាស អាមេរិកនៅប្រទេសចិន» ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា សហគ្រាសអាមេរិកចំនួន២ភាគ៣ គ្រោងនឹង បង្កើនការវិនិយោគនៅប្រទេសចិន។

តាមពិតទៅ គឺភាគីអាមេរិកហ្នឹងឯងដែលបានគាំទ្រ និងលើកទឹកចិត្តដល់ពួកឧទ្ទាមប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុងក្នុងរយៈពេលជាយូរ ដើម្បីវាយប្រហារ និងលាបពណ៌ទៅលើប្រទេសចិនដោយមិនសំចៃដៃម្តងហើយម្តងទៀត ដែលបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន!

អ្វីដែលហៅថាការបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងហុងកុងតទៅទៀត បានបង្ហាញបន្ថែមទៀតនូវការប៉ុនប៉ងរបស់មនុស្សមួយចំនួននៃអាមេរិកដែលចង់
ធ្វើឱ្យហុងកុងមានភាពវឹកវរព្រមទាំងដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិន។ យ៉ាងណាមិញ ទង្វើទាំងនេះគឺឥតប្រយោជន៍ទាល់តែសោះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការដែលរដ្ឋាភិបាលមជ្ឈិមចិនបានអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងនិងធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹត្យភាពក្នុងន័យគាំពារយ៉ាងខ្លាំងក្លានូវ សន្តិសុខជាតិ រៀបចំឡើងវញនូវស្ថរិភាពសង្គមនៅហុងកុង ក៏ដូចជាធានាយ៉ាងពេញលេញនូវសិទ្ធិនិងផលប្រយោជន៍គ្រប់ប្រភេទរបស់អ្នកក្រុងហុងកុងផងដែរ។

នាពេលកន្លងទៅថី្មៗនេះ ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៧ នាង Chen Yingxin ជាយុវជនហុងកុងបានថែ្លងសុន្ទរកថាក្នុងនាមជា តំណាងអង្គការក្រៅរដ្ឋាភិបាល។ នាងបានលើកឡើងថា ប្រជាជនហុងកុងស្វាគមន៍ចំពោះការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង ពីព្រោះច្បាប់នេះបានធានាសិទ្ធិ និងផលប្រយោជន៍របស់ពួកគេក្នុងជីវភាពរស់នៅជាប្រក្រតី។ នាងរំពឹងថាប្រទេសលោកខាងលិចអាចយល់ច្បាស់ថាយុវជននៅហុងកុងស្រឡាញ់ប្រទេស និងស្រឡាញ់ហុងកុង ហើយបដិសេធចំពោះកម្លាំងបរទេសជ្រៀតជ្រែកកិច្ចការហុងកុង។

សមត្ថភាពកៀរគរទុនបរទេសរបស់ហុងកុងក៏ត្រូវបានលើកកម្ពស់ឥតឈប់ឈរផងដែរ។ នៅឆ្នាំ២០២០ ទំហំប្រាក់ទុនដែលហូរចូលតំបន់ហុងកុងបានឡើងដល់ ៥ ម៉ឺនលានដុល្លារអាមេរិក ទំហំប្រាក់ទុនដែលទីផ្សារភាគហ៊ុននៃតំបន់ហុងកុងប្រមូលបានសម្រាប់ធ្វើ IPO កាន់លំដាប់ថ្នាក់ទីពីរលើពិភពលោក។ របាយការណ៍ដែលចេញ ផ្សាយដោយអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិនាពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់ម្តងទៀតនូវឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុង។

ការអភិវឌ្ឍរបស់តំបន់ហុងកុងគឺពឹងផ្អែកលើការតស៊ូព្យាយាមរបស់អ្នកក្រុងហុងកុង ពឹងផ្អែកលើការគាំទ្រយ៉ាងខ្លាំងក្លាពីចិនដីគោក ហើយវាមិនដែលពឹងផ្អែកលើការប្រទាន និងសប្បុរសធម៌របស់បរទេសណាមួយនោះឡើយ។ ការដែលអាមេរិកប៉ុនប៉ងចង់គំរាមកំហែងនិងទប់ស្កាត់ការអភិវឌ្ឍរបស់ហុងកុង វាមិនអាចធ្វើបាននាអតីតកាល
នោះទេ ហើយក៏នឹងមិនមានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះឬនៅពេលអនាគតផងដែរ៕