(ឌូស្ហាន់បេ)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេស តាហ្ស៊ីគីស្ថាន នៅថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

ដោយឡែក អាជ្ញាធរសង្រ្គោះបន្ទាន់របស់ប្រទេសតាហ្ស៊ីគីស្ថានបានបញ្ជាក់ថាគ្រោះរញ្ជួយដីខាងលើក៏បានផ្ដាច់ជីវិតមនុស្ស៥នាក់ផងដែរ នៅក្នុងភូមិឡានហ្គារី សុស (Langari Shoh) នៃតំបន់តូហ្ស៊ីកូបូត (Tojikobod) ហើយមនុស្សពីរនាក់ផ្សេងទៀតរងរបួស ខណៈផ្ទះ១៩ខ្នង រងការខូចខាត។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ១៧០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង ខូហ្សាន (Khujand) និងមានជម្រៅរញ្ជួយទៅក្នុងដី ៩គីឡូម៉ែត្រ៕