(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សា ពីបញ្ហាសន្តិសុខព័ត៌មានវិទ្យា និងស្ថានភាពនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្ដីថ្លែងការណ៍របស់វិមានក្រឹមឡាំង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោក ពូទីន និងលោក បៃដិនបានឯកភាពគ្នាថានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈស្ថាបនាក្នុងការដោះស្រាយបញ្ហានានា ក្នុងនោះរួមមានសន្តិសុខព័ត៌មានវិទ្យាជាដើម។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា លោក ពូទីន ក៏បានសង្កត់ធ្ងន់ដែរថា ទោះជាភាគីរុស្ស៊ីមានបំណងធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទឧក្រិដ្ឋព័ត៌មានវិទ្យាជាមួយអាមេរិកក៏ដោយ ប៉ុន្តែមកទល់នឹងពេលនេះ ភាគីរុស្ស៊ីមិនទាន់ទទួលបានសំណើផ្លូវការណាមួយជុំវិញបញ្ហានេះទេ។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍នៅក្នុងប្រទេសស៊ីរី មេដឹកនាំនៃប្រទេសទាំង២ បានជជែកគ្នាដោយផ្ដោតជាសំខាន់លើស្ថានភាពមនុស្សធម៌ និងកិច្ចខិតខំប្រឹង ប្រែងរួមគ្នារវាងអាមេរិក និងរុស្ស៊ី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕