(រ៉ង់ហ្គូន)៖ មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសហើយ ចាប់ពីខែកក្កដានេះតទៅ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លង និងស្លាប់កាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ ដែលធ្វើឡើងដោយទូរទស្សន៍ មីយ៉ាវ៉ាដឌី (Myawaddy) ដែលគ្រប់គ្រងដោយរបបយោធាថា ជំងឺ COVID-19 នេះកំពុងតែឆ្លងរីករាលដាលយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមន្ត្រីជាន់ខ្ពស់ការពារជាតិរុស្ស៊ីបានប្រាប់លោកថា ជំនួយជាវ៉ាក់សាំងបង្ការ COVID-19 បាននិងកំពុងដំណើរការរៀបចំហើយ។

លោកឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំបានប្រាប់ពួកគេ (រុស្ស៊ី) ថាខ្ញុំចង់បានវ៉ាក់សាំងចំនួន ០២លានដូស ហើយពួកគេបានប្រាប់ខ្ញុំវិញថា ពួកគេនឹងផ្ដល់ឱ្យ»

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៣២០ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៦៣នាក់ ដែលរហូតមកទល់ពេលនេះ ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ១៨៤,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦៨៥នាក់ និងអ្នកជាសះស្បើយ ១៤៣,៤៦០នាក់៕