(កាប៊ុល)៖ រដ្ឋាភិបាលទីក្រុងកាប៊ុល បានធ្វើការអំពាវនាវទៅកាន់ប្រទេសរុស្ស៉ី ចិន និងឥណ្ឌា ដែលសុទ្ធសឹងជាប្រទេសក្បែរខាង ឲ្យជួយប្រទេសនេះទប់ទល់នឹងអំពើភេរវកម្ម ខណៈកងទ័ពអាមេរិកនឹងត្រូវដកចេញទាំងស្រុង នៅត្រឹមដំណាច់ខែសីហាខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន លោក ហាំឌុលឡាហ៍ ម៉ូហ៊ីប (Hamdullah Mohib) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព និងស្ថិរភាពទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសនានានៅក្នុងតំបន់ និងនៅក្រៅតំបន់ដើម្បីជួយពួកយើង ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកយើងឡើយ»។ លោក Mohib បានបន្ថែមថា អាហ្វហ្គានីស្ថានស្វាគមន៍ជានិច្ចប្រទេសជាដៃគូដូចជាចិន ឥណ្ឌា និងរុស្ស៊ី។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថានបានច្រើនជាង ៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុងឱ្យបានមុន ថ្ងៃខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្តែព្រមពេលជាមួយក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថា កំពុងកាន់កាប់ទឹកដីជាង ៨៥ភាគរយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួចទៅហើយ៕