(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានបដិសេធមិនទទួលយកវ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយ COVAX និង WHO ដូចជាការរំពឹងទុក ដោយសារតែប្រទេសនេះព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

កន្លងមកនេះប្រទេសកូរ៉េខាងជើង ធ្លាប់រំពឹងទទួលបានវ៉ាក់សាំងប្រមាណ ២លានដូស ពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនទាន់ត្រូវបានដឹកទៅកាន់កូរ៉េខាងជើងនៅឡើយទេ។

យ៉ាងណាក៏ដោយ កូរ៉េខាងជើងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកវ៉ាក់សាំងណាមួយនៅឡើយទេ ព្រោះតែកម្មវិធីចាក់វ៉ាក់សាំង ក៏មិនទាន់ត្រូវបានបានរៀបចំ ហើយចំនួនប្រជាជនដែលនឹងត្រូវទទួលការចាក់ ក៏មិនមានការប្រកាសនៅឡើយដែរ។

គួរបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់៕