(ដាកា)៖ មន្រ្តីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់កម្មករ ៥២នាក់បានស្លាប់បាត់បង់ជីវីត ក្នុងឧប្បត្តិហេតុឆេះរោងចក្រផលិតទឹកផ្លែឈើមួយកន្លែង ស្ថិតចម្ងាយប្រមាណ២០គីឡួម៉ែតពីរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ចៅហ្វាយខណ្ឌលោក Mostain Billah បានប្រាប់អ្នកសារព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យរោងចក្រនៅថ្ងៃព្រហស្បតិ៍នេះបានកើនឡើងដល់ ៥២នាក់ហើយ ខណៈដែលមនុស្សប្រហែល ៣០នាក់ទៀតបានរងរបួសដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។

បើតាមអាជ្ញាធរអង្គភាពពន្លត់អគ្គីភ័យសរុបចំនួន ១៨អង្គភាពចូលរួមពន្លត់អគ្គិភ័យដែលលេបត្របាក់អគារកម្ពស់ ៦ជាន់របស់រោងចក្រខាងលើ។ បន្ទាប់ពីមានការតស៊ូអស់រយៈពេលជាង ២១ម៉ោង នៅម៉ោងប្រហែល ៣រសៀល ក្រុមអ្នកជួយសង្គ្រោះទាំងនោះអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គីភ័យនេះ អាជ្ញាធរមិនទាន់បានបញ្ជាក់នៅឡើយទេ៕