(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ បានបញ្ជាក់ជាផ្លូវការថា ទីក្រុងបាងកក និងខេត្តចំនួន៩ទៀត នឹងត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) រយៈពេលយ៉ាងហោច១៤ថ្ងៃ គឺចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈ COVID-19 នៅតែបន្តរីករាលដាលខ្លាំង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ប្រជាជនថៃដែលរស់នៅក្នុងរាជធានីបាងកក ព្រមទាំងខេត្តក្បែរខាងដូចជា Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon រួមជាមួយខេត្តអ្នកដែលនៅខេត្ត Narathiwas, Pattani, Songkhla និង Yala ក្នុងតំបន់ភាគខាងខាងត្បូង ត្រូវបានណែនាំ កុំឲ្យចាកចេញពីលំនៅឋាន ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៅ ប្រសិនបើគ្មានការចាំបាច់ទេនោះ។

ហាក់ទំនិញ និងផ្សារ នឹងត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៤ទាបភ្លឺ នៅក្នុងទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃ ក៏បានចេញបទបញ្ជាឲ្យ មានការបិទជាបណ្តោះអាសន្នចំពោះ ហាក់លក់ទំនិញនិងផ្សារតូចៗ នៅក្នុងខេត្តចំនួន៦ ក្នុងចំណោមខេត្តទាំងប៉ុន្មានខាងលើផងដែរ លើកលែងតែផ្សារទំនើបធំៗ និងតំបន់លក់ថ្នាំពេទ្យ ភោជនីយដ្ឋាន កាហ្វេ ធនាគារ ព្រមទាំងទីតាំងដែលត្រូវបានចាត់ជាកន្លែងចាក់វ៉ាក់សាំង ដែលនឹងអាចធ្វើប្រតិបត្តិការបានដល់ម៉ោង៨យប់។

ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ទាំងវិស័យឯកជននិងរដ្ឋនៅក្នុងទីក្រុងបាងកក និងខេត្តក្បែរ នឹងតម្រូវឲ្យអនុវត្តគោលការណ៍បំពេញការងារពី ផ្ទះពីជាអតិបរមា ខណៈមធ្យោបាយធ្វើដំណើរសាធារណៈ នឹងត្រូវធ្វើប្រតិបត្តិការក្រោមការរឹតត្បិត។ រីឯការជួបជុំគ្នាក្នុងសង្គម នឹងត្រូវកំណត់ ឲ្យអាចមានមនុស្សច្រើនបំផុតត្រឹម៥នាក់ នៅតាមតំបន់ទាំងនេះ។

យោងតាមមជ្ឈមណ្ឌល CCSA បម្រាមគោចរនឹងត្រូវអនុវត្តចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ទាបភ្លឺ នៅរាជធានី-ខេត្តទាំង១០ខាងលើ ហើយនៅទីតាំងមានហានិភ័យខ្ពស់ ការរឹតត្បិតត្រូវបានរឹតបន្តឹងកាន់តែខ្លាំង។ ប្រជាជនអាចចេញពីលំនៅឋានបាន តែក្នុងករណីបន្ទាន់ ការងារ ឬពិនិត្យសុខភាព។ សម្រាប់វិស័យអប់នៅតាមតំបន់ទាំងនេះ គឺតម្រូវឲ្យធ្វើឡើងតាមអនឡាញសុទ្ធសាធ។

គួរបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងប្រឈមនឹងរលកឆ្លងរាតត្បាត COVID-19 ធ្ងន់ធ្ងរ ជាងលើកណាៗទាំងអស់ ដែលបានចាប់ផ្តើមកាលពីខែមេសា កន្លងទៅ។ អាជ្ញាធរថៃកំពុងឃ្លាំមើលវីរុសបម្លែងថ្មីគួរឲ្យបារម្ភចំនួន៣ នោះគឺ Alpha (អង់គ្លេស), Beta (អាហ្រ្វិកខាងត្បូង) និង Delta (ឥណ្ឌា) ខណៈ Delta កំពុងរីករាលដាលយ៉ាងរហ័ស ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់៕