(ញូដេលី)៖ អាជ្ញាធរសុខាភិបាលនៅរដ្ឋ Kerala ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្ននៅទូទាំងរដ្ឋ បន្ទាប់ពីករណីជំងឺ Zika ចំនួន១៥ករណី ទើបតែត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

ករណីជំងឺ Zika ទាំងប៉ុន្មានខាងលើ ត្រូវបានរកឃើញនៅក្នុងស្រុក Thiruvananthapuram នៃរដ្ឋ Kerala ។ ក្រុមមន្រ្តីជំនាញសុខាភិបាលឥណ្ឌា ត្រូវបានបញ្ជូនទៅតាមដាន នៅកន្លែងមានករណីឆ្លង និងជួយអប់រំក៏ដូចជាបង្កើនស្មារតីប្រុងប្រយ័ត្ន របស់ប្រជាជនចំពោះការលេចឡើងនៃជំងឺនេះ។ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ រដ្ឋ Gujarat នៅភាគខាងលិចឥណ្ឌា ក៏ធ្លាប់រាយការណ៍ពីការឆ្លងរាលដាលនៃជំងឺ Zika នៅទីក្រុង Ahmedabad ផងដែរ។

គួរបញ្ជាក់ថា ភ្នាក់ងារចម្លងជំងឺ Zika ជាចម្បងគឺសត្វមូស ប៉ុន្តែវាក៏អាចឆ្លងតាមការរួមភេទផងដែរ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានស្លាប់ដោយសារជំងឺ Zika។ ជាធម្មតា ម្នាក់ក្នុងចំណោមមនុស្ស៥នាក់ ដែលឆ្លងជំងឺនេះ គឺកើតចេញរោគសញ្ញា ដែលរួមមានដូចជា គ្រុន ឡើងកន្ទួលរមាស់ និងឈឺសន្លាក់ដៃជើង។ ជំងឺនេះក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាខួរក្បាលក្មេងរួមតូចខុសធម្មតា និងជំងឺកម្រទាក់ទងនឹងភាពមិនប្រក្រតី នៃប្រព័ន្ធភាពស៉ាំហៅថា Guillain-Barre syndrome ផងដែរ៕