(សេអ៊ូល)៖ ក្រុមអ្នកតាមដានព័ត៌មានសម្ងាត់កូរ៉េខាងជើង INSS ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានអះអាងថា ប្រទេសកូរ៉េខាងជើងទំនងបានបដិសេធ មិនទទួលយកវ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយ COVAX និង WHO នោះឡើយ ដោយសារតែប្រទេសនេះ ព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

បើតាម INSS កូរ៉េខាងជើងបានងាកទៅរកវ៉ាក់សាំងបង្ការ COVID-19 ដែលជាផលិតផលរបស់ប្រទេសរុស្ស៊ីជំនួសវិញ។ ទីក្រុងព្យុងយ៉ាងហាក់បានតាមដាន ព័ត៌មានពីអន្តរជាតិ និងមើលឃើញការចុះផ្សាយអំពីផលប៉ះពាល់តិចតួច ពាក់ព័ន្ធការប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ហេតុដូច្នេះទើបខ្លួនប្រឹងប្រែងសម្លឹងរកវ៉ាក់សាំងរុស្ស៊ី។ ប៉ុន្តែកូរ៉េខាងជើងអាចនឹងស្នើសុំ ជំនួយជាវ៉ាក់សាំងពីរុស្ស៊ីប៉ុណ្ណោះ មិនមែនបញ្ជាទិញនោះឡើយ។

កន្លងមកនេះប្រទេសកូរ៉េខាងជើង ធ្លាប់រំពឹងទទួលបានវ៉ាក់សាំងប្រមាណ ២លានដូស ពីកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនទាន់ត្រូវបានដឹកទៅកាន់កូរ៉េខាងជើងនៅឡើយទេ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់។

យ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងត្បូងមួយរូប ដែលដឹងឮអំពីបញ្ហានេះបានថ្លែងប្រាប់ INSS ទៀតថា កូរ៉េខាងជើងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទទួលយកវ៉ាក់សាំងណាមួយនៅឡើយទេ ព្រោះតែកម្មវិធីចាក់វ៉ាក់សាំង ក៏មិនទាន់ត្រូវបានបានរៀបចំ ហើយចំនួនប្រជាជនដែលនឹងត្រូវទទួលការចាក់ ក៏មិនមានការប្រកាសនៅឡើយដែរ៕