(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនាថ្ងៃសុក្រនេះ បានប្រកាសថា វ៉ាក់សាំងចំនួន៤.៥លានដូស ដែលដំបូងឡើយគ្រោងមកដល់ប្រទេសខ្លួន ក្នុងខែកញ្ញា ឆ្នាំ២០២១ នឹងមកដល់លឿនជាងមួយខែ គឺនៅក្នុងខែសីហាវិញ ហើយវ៉ាក់សាំងក្រុមហ៊ុន Pfizer ចំនួន១លានដូស នឹងមកដល់ជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ ដែលកើនឡើងពីកម្រិតបច្ចុប្បន្ន គឺប្រហែល៣៥០,០០០ដូសក្នុងមួយសប្តាហ៍ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC ថា រដ្ឋាភិបាលលោកបានប្រឹងប្រែងជាខ្លាំង ដើម្បីបង្កើនស្តុកវ៉ាក់សាំងថែមទៀត ជាពិសេសកាលពីកំលុងខែមិថុនាកន្លងទៅនេះ ហើយឥឡូវវាបានឈានដល់កម្រិត ដែលមុនដាច់ឆ្នាំនេះ គឺអ្នកគ្រប់គ្នានៅក្នុងប្រទេសអូស្រ្តាលី នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនអូស្រ្តាលីប្រហែល១០ភាគរយ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើង គឺទទួលបានការចាក់វ៉ាក់សាំង គ្រប់ដូស។ សម្រាប់ការរាតត្បាតវិញ អូស្រ្តាលីមានករណីឆ្លងសរុបជិត៣១,០០០នាក់ ខណៈរដ្ឋ New South Wales ជាពិសេសទីក្រុងស៉ីដនី កំពុងរងការលុកលុយខ្លាំងពី COVID-19 ដែលភាគច្រើនបង្កឡើងដោយវីរុសបម្លែងថ្មី Delta៕