(បាងកក)៖ ការិយាល័យព័ត៌មានជាតិថៃ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល បានសម្រេចចិត្តដាក់ចេញ នូវវិធានការរឹតត្បិតលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ នៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដែលត្រូវបានចាត់ថ្នាក់ជា តំបន់ក្រហមក្រមៅ ដែលមានអត្រាឆ្លងខ្ពស់នៃជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន Thaiger នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាព្រឹកថ្ងៃសុក្រនេះ ក្រុមមន្រ្តីថៃបានសម្រេចចិត្តដាក់ចេញ នូវវិធានការរឹតត្បឹតបន្ថែមទៀត ដើម្បីកាត់បន្ថយការធ្វើដំណើរ ដែលវាជាកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) ដែលមានសមត្ថភាពចម្លងរហ័សជាងវីរុស COVID-19 បម្លែងខ្លួនថ្មីដទៃទៀត កំពុងរាតត្បាតកាន់តែខ្លាំងឡើងៗ។

គួរបញ្ជាក់ថា បើតាមការិយាល័យព័ត៌មានជាតិថៃ វិធានការរឹតត្បិតបន្ថែមនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃសៅរ៍ស្អែក ហើយនឹងត្រូវអនុវត្តយ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ឲ្យច្បាស់ថា ខេត្តណាខ្លះរបស់ថៃ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហមក្រមៅនោះឡើយ។ ដោយឡែក លោក Prayut ក៏នឹងមិនទទួលយកប្រាក់ខែរបស់លោកក្នុងរយៈពេល ០៣ខែផងដែរ ដើម្បីយកប្រាក់ទាំងនោះ ទៅជួយដោះស្រាយនូវវិបត្តិ ដែលបង្កឡើងដោយជំងឺឆ្លងដ៏កាចសាហាវនេះ៕