(ឡុងដ៍)៖ លទ្ធផលវិភាគបឋម (មិនទាន់សម្រេច) នៃការធ្វើតេស្តវ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac ក្នុងដំណាក់កាលទី ៣ នៅប្រទេសតួកគី បានបង្ហាញប្រសិទ្ធភាពរហូតដល់ ៨៣.៥% ប្រឆាំងនឹងរោគសញ្ញានៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយកាសែតអង់គ្លេស The Lancet នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

លទ្ធផលបណ្តោះអាសន្នខាងលើនេះ ត្រូវបានបញ្ចេញក្រោយការធ្វើតេស្ត ទៅលើអ្នកស្ម័គ្រចិត្តនៅប្រទេសតួកគីសរុបជាង ១០,០០០នាក់ (អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ) ក្រោយពីពួកគេបានទទួលការចាក់វ៉ាក់សាំង CoronaVac គ្រប់ ០២ដូស ក្នុងគម្លាតរយៈពេល ១៤ថ្ងៃពីគ្នា។

ការរកឃើញជាបឋមបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac បានជំរុញនូវអង្គបដិប្រាណ (ប្រព័ន្ធភាពសុំា) ឲ្យរឹងមាំទប់ទល់នឹងវីរុស COVID-19 ហើយមិនមានករណីធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ណាមួយបានកើតឡើង ក្នុងចំណោមអ្នកចូលរួមធ្វើតេស្តនោះឡើយ។ ការស្រាវជ្រាវបានបង្ហាញទៀតថា ក៏មានអការៈប្រតិកម្មស្រាលៗមួយចំនួន បានកើតឡើងផងដែរក្នុងអំឡុងពេល ៧ ថ្ងៃនៃការចាក់ដូសដំបូង។

គួរបញ្ជាក់ថា ការធ្វើតេស្តនៅតែត្រូវបន្តទៅមុខទៀត សម្រាប់វ៉ាក់សាំង CoronaVac នៅក្នុងប្រទេសតួកគី ជាពិសេសទៅលើប្រសិទ្ធភាពរបស់វា នៅក្នុងរយៈពេលវែង និងទៅលើក្រុមមនុស្សជំពូកផ្សេងៗទៀត ដែលចូលធ្វើតេស្តនេះ ព្រមទាំងប្រសិទ្ធភាពរបស់វា ក្នុងការទប់ទល់វីរុស COVID-19 បម្លែងខ្លួនថ្មីៗបច្ចុប្បន្ន៕