(ផ្ល័ររីដា)៖ អភិបាលតំបន់មៃអាមី-ដេដ (Miami Dade) លោកស្រី ដានីញែលឡា លេវីន ខាវ៉ា (Daniella Levine Cava) បានគូសបញ្ជាក់ឱ្យដឹងថារហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ដែលស្ថិតនៅតំបន់ Miami-Dade County រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦៤នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។

មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតឡើយ បន្ទាប់ពីផ្នែកមួយនៃអគារខុនដូ ខាងលើ បានបាក់រលំប្រហែលជាពីរសប្តាហ៍មកនេះ ហើយមនុស្ស ៧៦នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។

ទោះជាយ៉ាងណា លោកស្រី Daniella Levine Cava បានអះអាងដូច្នេះថា «ល្បឿននៃកិច្ចខំប្រឹងប្រែងជួយសង្គ្រោះ មិនមានការធ្លាក់ចុះនោះទេ។ ក្រុមអ្នកជួយសង្គ្រោះ នឹងនៅតែបន្តធ្វើការរហូតទាល់តែពួកគេបានទៅដល់បាតគំនរបាក់បែកទាំងនោះ និងរកឃើញជនរងគ្រោះទាំងអស់ជូនដល់ក្រុមគ្រួសាររបស់ពួកគេ។ យើងកំពុងធ្វើការ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងនាំពួកគេទៅកាន់ក្រុមគ្រួសាររបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក។

គួរបញ្ជាក់ថា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្ម រលំអគារខាងលើនេះទេ ខណៈការប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឲ្យដឹងថា កាលពីឆ្នាំ២០១៨វិស្វករមួយក្រុម បានធ្វើការត្រួតពិនិត្យ លើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឲ្យមាន ការជួសជុលឡើងវិញផងដែរ៕