(ប៉េកាំង)៖ អាជ្ញាធរចិនបានដាក់ចេញនូវបម្រាមថ្មីជារួម ដោយហាមឃាត់រាល់ការសាងសង់អគារថ្មី ដែលមានកម្ពស់លើសពី ៥០០ម៉ែត្រ ខណៈខ្លួនកំពុងព្យាយាមត្រួតពិនិត្យអំពីសុវត្ថិភាព និងគុណភាពនៃអគារខ្ពស់កប់ពពក ដែលមានស្រាប់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ក្រៅពីការហាមឃាត់ខាងលើនេះ គម្រោងសាងសង់អគារដែលមានកម្ពស់ចាប់ពី ២៥០ម៉ែត្រឡើងទៅ ក៏ត្រូវស្ថិតក្នុងការរឹតត្បិតយ៉ាងតឹងរ៉ឹងផងដែរ ហើយប្រសិនបើក្រុមហ៊ុនសំណងនានា ចង់កសាងអគារកម្ពស់នេះ គឺត្រូវមានការបង្ហាញនូវគំរូប្លង់ ព្រមទាំងកំណត់ស្តង់ដាសុវត្ថិភាពយ៉ាងច្បាស់លាស់ ជូនទៅក្រសួងសាងសង់លំនៅឋាន និងអភិវឌ្ឍជនបទរបស់ចិនជាកំហិត។

បន្ថែមពីខាងលើនេះទៀត រាល់គម្រោងសាងសង់អគារដែលមានកម្ពស់ចាប់ពី ១០០ម៉ែត្រឡើងទៅ ក៏នឹងត្រូវស្ថិតក្នុងការត្រួតពិនិត្យជាមុនយ៉ាងតឹងរ៉ឹង ទៅលើផ្នែកសោភណ្ឌភាព និងទំហំនៃទីក្រុង ឬតំបន់ដែលត្រូវសាងសង់អគារនោះ ថាតើសមាមាត្រគ្នាដែរ ឬអត់ផងដែរ។ បម្រាមថ្មីៗនេះ គឺស្ថិតក្នុងគោលដៅការពារសុវត្ថិភាព ទៅដល់ការរស់នៅរបស់ប្រជាជនចិន ក៏ដូចបង្កើនគុណភាពសំណង់នានា តាមរយៈការគិតគូរទុកជាមុនយ៉ាងល្អិតល្អន់៕