(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,០៥៨ករណី នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន ៧៥នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ដែលនេះជាចំនួនករណីឆ្លង និងស្លាប់ច្រើនបំផុត មិនធ្លាប់មានឡើយក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៦,៩៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៦៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺចំនួន ៤,៩៧៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០៨,២៣០ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤៦២នាក់ និងអ្នកជាសះស្បើយ ២៣៦,១៤៩នាក់។ សម្រាប់អត្រាចាក់វ៉ាក់សាំង ថៃសម្រេចបាន១១.៦១លានដូស៕