(ហាណូយ)៖ ទីបំផុតប្រទេសវៀតណាម បានសម្រេចអនុវត្តវិធានការបិទខ្ទប់ (lockdown) នៅក្នុងទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅ ច្រើនបំផុតរបស់ខ្លួន ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ពិបាកក្នុងការគ្រប់គ្រង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ចាប់ពីវេលារំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះទៅ ប្រជាជនវៀតណាមសរុបប្រមាណ ៩លាននាក់ ដែលរស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវស្ថិតក្រោមការកំណត់ មិនឲ្យចាកចេញពីលំនៅឋានឡើយ លើកលែងតែករណីចាំបាច់បន្ទាន់មួយចំនួន សម្រាប់រយៈពេលចំនួន ២សប្តាហ៍ បន្ទាប់ពីករណីឆ្លង COVID-19 សរុប៨,០០០ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងនេះ កំលុងរលងឆ្លងរាតត្បាតថ្មីចុងក្រោយគេ ដែលកំពុងរាលដាលនៅវៀតណាម។

ប្រជាជននៅទីក្រុងហូជីមិញ នឹងត្រូវអនុញ្ញាតឲ្យចេញពីផ្ទះ ដើម្បីតែទៅទិញស្បៀងអាហារ ឬថ្នាំពេទ្យប៉ុណ្ណោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងប្រទេសវៀតណាម។ មកទល់ពេលនេះ ខេត្ត-ក្រុងចំនួន ១០របស់វៀតណាម បានផ្អាកបណ្តាញតភ្ជាប់ផ្លូវអាកាសរបស់ពួកគេជាមួយ ទីក្រុងហូជីមិញ ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ មានសេចក្តីរាយការណ៍ថា ប្រជាជនបាននាំគ្នាសម្រុកទិញរបស់របរស្តុកទុក ស្របពេលផ្សារលក់ទំនិញបោះដុំធំៗចំនួន ៣ នៅហូជីមិញត្រូវបិទទ្វារ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ វៀតណាមមានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុប ២៣,០៧១នាក់ ក្នុងនោះមាន ៩៧នាក់ស្លាប់។ បើតាមក្រសួងសុខាភិបាលវៀតណាម ប្រទេសដែលមានប្រជាជនជិត ១០០លាននាក់នេះ ទើបសម្រេចបានការចាក់វ៉ាក់សាំងក្រោម ៤លានដូសប៉ុណ្ណោះ៕