(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ ដោយបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ទៅដល់ ៨.៥ភាគរយ ពោលគឺបានដំឡើង០.៤ភាគរយបើប្រៀបធៀបនឹងរបាយការណ៍ដែលចេញផ្សាយនៅខែមីនា។ តើហេតុអ្វីបានជាធនាគារពិភពលោក បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន? តើត្រូវវាយតម្លៃយ៉ាងណាចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ? ទាក់ទិននឹងរឿងនេះអ្នកជំនាញសម្គាល់ ឃើញថាសេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយភាពលំនឹងនិងភាពរឹងមាំដែលបានបង្ហាញឱ្យឃើញនូវភាពល្អប្រសើរនេះជាមូលហេតុសំខាន់ដែល សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិន។

នាពេលបច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចចិននៅតែមាន បាតុភូតអតុល្យភាពដដែល ដូចនេះការធ្វើឱ្យសេដ្ឋកិច្ចវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅតែប្រឈមនឹងបញ្ហាជាច្រើនដដែលគួរតែរក្សានិរន្តរភាពនិងភាពនឹងនរ នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងបន្តបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកជាបន្តបន្ទាប់។

របាយការណ៍ថ្មីបំផុតរបស់ធនាគារពិភពលោលសម្គាល់ឃើញថាក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចចិននឹងមានកំណើនយ៉ាងខ្លាំងក្លា។ ក្រុមហ៊ុន S&P Global Inc. ដែលជា ស្ថាប័នវាយតម្លៃអន្តរជាតិក៏បានបង្ហាញនាពេលថ្មីៗកន្លងទៅនេះថា ដោយសារប្រទេសចិនបានគ្រប់គ្រងដោយមានប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងបានធ្វើការងារចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស បានជាស្ថាប័ននេះបានប៉ាន់ប្រមាណថាល្បឿនកំណើននៃGDPរបស់ប្រទេសចិនក្នុងឆ្នាំ២០២១ នឹងឡើង
ដល់ ៨.៣ភាគរយ។

លោក Liu Xiaoguang សាស្ត្រាចារ្យរងនៃសកលវិទ្យាល័យប្រជាជនចិនបានសម្គាល់ឃើញថា សេដ្ឋកិច្ចចិនត្រូវបានកែលម្អលើវិស័យជាច្រើន៖ ទីមួយសេដ្ឋកិច្ចជាតិ ចិនសម្រេចបាននូវកំណើនប្រកបដោយលក្ខណៈស្តារឡើងវិញ កម្រិត GDP បាននិងកំពុងវិលត្រឡប់ទៅរកនិន្នាការកើនឡើងក្នុងរយៈពេលយូរ។ ទីពីរ ផលិតកម្ម និងការផ្គត់ផ្គង់បានរក្សាកំណើនដោយល្បឿនលឿនជាបន្តបន្ទាប់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ល្បឿនកំណើនគិតជាមធ្យមនៃសន្ទស្សន៍ផលិតកម្មលើ
វិស័យមុខរបរដាំដុះផ្នែកកសិកម្ម តម្លៃបន្ថែមឧស្សាហកម្មនិងមុខរបរសេវាកម្ម បានឡើងដល់រហូតដល់លើសពីកម្រិតមុនពេលផ្ទុះជំងឺកូវីដ១៩ ហើយវិស័យមួយចំនួន ដែលមានភាពយឺតក្នុងការងើបឡើងវិញ ក៏បាននិងកំពុងបង្កើនល្បឿនបំពេញបន្ថែមកង្វះខាតផងដែរ។

ក្រៅពីនេះ ការធ្វើពាណិជ្ជកម្មជាមួយបរទេសនិងការវិនិយោគបរទេសបានរក្សានិន្នាការកើនឡើងយ៉ាងខ្លាំងជាបន្តបន្ទាប់ ប្រការនេះបានផ្តល់ពេលវេលាដ៏មានតម្លៃ សម្រាប់ការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ មានសេដ្ឋវិទូបានធ្វើការវិភាគថា ត្រូវផ្តោតសំខាន់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងរយៈពេលខ្លីផង ហើយក៏ត្រូវផ្តោតសំខាន់ទៅលើការពូនជ្រំកម្លាំងចលករជំរុញកំណើនក្នុងរយៈពេលយូរផងដែរ។

ត្រូវអនុវត្តយុទ្ធសាស្ត្រពង្រីកតម្រូវការក្នុងស្រុកថែមមួយកម្រិតទៀត ជាពិសេស គឺត្រូវជំរុញការពង្រីកតម្រូវការខាងចំណាយ ក្នុងន័យបញ្ចេញសក្តានុពលនៃទីផ្សារ ក្នុងស្រុក។ ជាងនេះទៅទៀត ត្រូវពង្រឹងនិងពង្រីកកំណែទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់ ហើយធ្វើការខិតខំប្រឹងប្រែងជាបន្តបន្ទាប់លើវិស័យបង្កើនសមត្ថភាព សិក្សាស្រាវជ្រាវបច្ចេកវិទ្យាដោយម្ចាស់ការ លើកកម្ពស់កម្រិតទំនើបនៃខ្សែសង្វាក់ឧស្សាហកម្ម និងជំរុញការធ្វើឌីជីថលនីយកម្មនិងការផ្លាស់ប្តូររូបមន្តបែបបៃតង ជាដើម ដើម្បីបណ្តុះបំប៉នកំណើនថ្មីនិងកម្លាំងចលករផ្ទៃក្នុងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច៕