(បាកដាដ)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា រ៉ុក្កែតសរុបចំនួន ០៣គ្រាប់ បានហោះសំដៅមករកទីតាំងស្ថានទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះតែម្តង ប៉ុន្តែវាមិនបានវាយប្រហារត្រូវចំគោលដៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមមន្ត្រីយោធាអ៊ីរ៉ាក់ ស្ថានទូតអាមេរិកមិនបានទទួលរងការខូចខាតនោះទេ ប៉ុន្តែតំបន់ចំនួន ០៣ ដែលស្ថិតនៅក្បែរៗស្ថានទូតអាមេរិក (ត្រូវបានចាត់ទុកជាតំបន់បៃតង Green Zone) បានរងការខូចខាត។ ការវាយប្រហារលើកនេះ និងការពេលថ្មីៗកន្លងទៅនេះ ត្រូវបានសហរដ្ឋអាមេរិកធ្វើការចោទប្រកាន់ ទៅលើក្រុមប្រដាប់អាវុធ ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមានកងទ័ពសរុប ២,៥០០នាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃក្រុមចំរុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ នៅក្នុងឆ្នាំ២០២១នេះ ការវាយប្រហារសរុបចំនួនជាង ៥០លើករួចមកហើយ ត្រូវបានធ្វើឡើង ដោយសំដៅទៅលើមូលដ្ឋានទាំងឡាយ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែតិចតួចប៉ុណ្ណោះ ដែលបានបង្កការខូចខាត៕