(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដាក់ពាក្យបណ្ដឹងប្ដឹងនាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម Twitter, Facebook, Google ដោយចោទប្រកាន់ថា ពួកគេបានបំបិទទស្សនៈអភិរក្សបែបខុសច្បាប់ បន្ទាប់ពីគណនីរបស់លោកត្រូវបានផ្អាកការប្រើប្រាស់ ជុំវិញបញ្ហាកុប្បកម្មនៅឯវិមានកាពីតូលកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការទីក្រុងម៉ៃអាមី (Miami) រដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ទាំងឡាយខាងលើនេះថា បានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

លោក ត្រាំ បានដាក់ពាក្យបណ្តឹងចំណាត់ថ្នាក់ចំនួន ០៣ ដែលមួយប្រឆាំងនឹងនាយកប្រតិបត្តិ Facebook គឺលោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg), មួយទៀតប្រឆាំងនឹងនាយកប្រតិបត្តិ Twitter គឺលោក ជែក ដ័រសី (Jack Dorsey) និងមួយផ្សេងទៀតប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន អាល់ហ្វាប៊ែត (Alphabet) របស់ Google គឺលោក សាន់ដា ភីចៃ (Sundar Pichai)។

ទោះជាយ៉ាងណា អ្នកតំណាងឱ្យក្រុមហ៊ុន Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។ រីឯអ្នកតំណាងក្រុមហ៊ុន Facebook និង Google ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះដែរ។ គណនី Facebook, Twitter និង YouTube របស់លោក ត្រាំ ត្រូវបានបិទជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២១ ដោយក្រុមហ៊ុនទាំងនោះបានបញ្ជាក់ថា លោក ត្រាំ បានរំលោភគោលនយោបាយរបស់ពួកគេ ប្រឆាំងនឹងអំពើហិង្សា។

គួររំលឹកថា ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានធ្វើការវាយប្រហារយ៉ាងកម្រោល ទៅលើវិមានកាពីតូលនៃសហរដ្ឋអាមេរិក កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីសុន្ទរកថារបស់លោក ត្រាំ បានលើកឡើងនូវរឿងមិនពិតថា ការចាញ់ឆ្នោតរបស់លោក គឺមកពីការលួចបន្លំសន្លឹកឆ្នោត។ ការវាយប្រហារនេះ គឺបានបំផ្លាញមុខមាត់សហរដ្ឋអាមេរិកយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ ហើយរហូតមកទល់នឹងពេលនេះ ការដោះស្រាយតាមផ្លូវច្បាប់ ប្រឆាំងនឹងអ្នកដែលបានប្រព្រឹត្តទង្វើនោះ ក៏មិនទាន់ចប់រួចរាល់ដែរ៕