(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,២៧៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយដែលនេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រឈមមុខនឹងការកើនឡើងករណីឆ្លង COVID-19 សាជាថ្មី និងបារម្ភពីការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសដែរ ថាពួកគេកំពុងពិចារណាលើការរឹតបន្តឹងវិធានការទប់ស្កាត់នានា ក្នុងនោះរួមទាំងការរឹតត្បិតវិធានការគម្លាតសុវត្ថិភាពផងដែរ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងរលកទី៤ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល កូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 សរុប ១៦៤,០២៨នាក់ ក្នុងនោះស្លាប់ ២,០៣៤នាក់ និងជាសះស្បើយឡើងវិញ ១៥១,៥០០នាក់។ មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងត្បូងសម្រេចបានការចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស បានត្រឹមតែ១០ភាគរយ ប៉ុណ្ណោះនៃប្រជាជនសរុប ៥២លាននាក់ ខណៈ ៣០ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសទី១៕