(ហៃទី)៖ ហៃទីគឺជាប្រទេសដ៏ក្រីក្រមួយដែលមានប្រជាជនជាង ១១លាននាក់ ស្ថិតនៅក្នុងតំបន់ដែនសមុទ្រការីបៀន និងស្ថិតនៅលើកោះដែនមួយ ដោយចែករំលែកព្រំប្រទល់ជាមួយ សាធារណរដ្ឋដូមីនិក។ ប្រទេសនេះគឺជាទឹកដីដ៏ក្រីក្រមួយ ស្ថិតនៅកណ្តាលផ្ទៃសមុទ្រដ៏ធំ នៃចន្លោះទ្វីបអាមេរិកខាងជើង និងខាងត្បូង។

មិនត្រឹមតែជីវភាពក្រក្រី និងងាយរងគ្រោះធម្មជាតិប៉ុណ្ណោះទេ ប្រជាជននៃប្រទេសនេះ ថែមទាំងជួបវិបត្តិនយោបាយដ៏រុំារ៉ៃ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅហៃទី) លោកប្រធានាធិបតី ចូវែណែល ម៉ូអ៊ីស (Jovenel Moïse) ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណ ចូលធ្វើឃាតបានសម្រេច នៅក្នុងលំនៅឋានរបស់លោកផ្ទាល់តែម្តង ស្ថិតនៅជាយរដ្ឋធានីព័រអូព្រីន។

តើលោក Jovenel Moïse មានជីវប្រវត្តិយ៉ាងណា និងធ្លាប់ឆ្លងកាត់ខ្សែជីវិតដូចម្តេចខ្លះ មុននឹងលោកក្លាយជាប្រធានាធិបតីហៃទី រួចត្រូវគេធ្វើឃាត? ដូច្នេះចូរស្វែងយល់ពីជីវប្រវត្តិសង្ខេប របស់លោកដូចខាងក្រោម៖

១៖ ថ្ងៃខែឆ្នាំកំណើត និងជីវិតគ្រួសារ

* លោក Jovenel Moïse កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៨ នៅក្នុងស្រុក ទ្រូ ឌូ ណដ (Trou du Nord) នៃខេត្ត ណដអ៊ែសត៍ (Nord-Est) របស់ប្រទេសហៃទី។ (លោកត្រូវបានគេធ្វើឃាត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងអាយុ ៥៣ឆ្នាំ)

* លោក Jovenel Moïse បានផ្លាស់ប្តូរទីលំនៅទៅកាន់រដ្ឋធានីព័រអូព្រីន (Port-au-Prince) កាលពីខែកក្កដា ឆ្នាំ១៩៧៤ ដើម្បីបន្តការសិក្សានៅសាលា ដុនឌួរែលីន (Don Durelin) និងបន្ទាប់មកទៀតគឺសាលា លីសេ តួហ្សង់ លូវើទួរ ( Lycée Toussaint Louverture) ហើយបន្ទាប់មកទើបលោកចូលសិក្សា នៅមជ្ឈមណ្ឌល កាណាដូ-ហៃទៀន (Collège Canado-Haïtien)។

* លោក Jovenel Moïse បានចាកចេញពីរដ្ឋធានី ព័រអូព្រីន បន្ទាប់ពីបានរៀបការជាមួយនាង ម៉ាទីន ម៉ារី ចូសិព ( Martine Marie Etienne Joseph) ដែលត្រូវជាមិត្តរួមថ្នាក់ កាលពីឆ្នាំ១៩៩៦ ដើម្បីទៅរស់នៅតំបន់ជនបទមួយឈ្មោះ ព័រ ដឺ ផេក (Port-de-Paix) ស្ថិតក្នុងគោលដៅជួយអភិវឌ្ឍតំបន់ក្រីក្រនោះ ទៅតាមជំនាញដែលលោកបានសិក្សា នោះគឺកសិកម្ម។

២៖ ការប្រឡូកចូលវិស័យពាណិជ្ជកម្ម

* តាមរយៈដើមទុនតិចតួច ក្រុមគ្រួសារលោក Jovenel Moïse បានបើកក្រុមហ៊ុនមួយនៅតំបន់ Port-de-Paix ឈ្មោះ JOMAR Auto Parts ដែលនៅតែបន្តប្រតិបត្តិការដល់បច្ចុប្បន្ន។

* នៅក្នុងឆ្នាំ២០០១ លោកបានសហការជាមួយក្រុមហ៊ុន Culligan ដើម្បីបើករោងចក្រផលិតទឹកបរិសុទ្ធ ដើម្បីនាំចេញទៅខេត្ត Nord-Ouest និងខេត្ត Nord-Est ដែលជាស្រុកកំណើត។

* នៅក្នុងឆ្នាំ២០១២ លោក Jovenel Moïse បានបង្កើតចេញនូវក្រុមហ៊ុន AGRITRANS SA ដែលមានតួនាទីអភិវឌ្ឍវិស័យកសិកម្ម ហើយចាប់ផ្តើមដំណើរការដំបូងនៅ Trou du Nord ដែលជាស្រុកកំណើតលោកផ្ទាល់។

* ក្រុមហ៊ុន AGRITRANS SA បានបង្កើតគម្រោងដាំចេកដ៏ធំ និងគ្រោងនាំចេញទៅប្រទេសជាច្រើន ក្នុងនោះដូចជាអាល្លឺម៉ង់ផងដែរ។ គម្រោងដ៏ធំនេះ មានមហិច្ឆតាបង្កើតការងារជូនប្រជាជនហៃទី ក្នុងតំបន់ឲ្យបាន ៣,០០០នាក់ ប៉ុន្តែគិតត្រឹមឆ្នាំ២០១៥ វាសម្រេចបានតែ ៦០០នាក់ប៉ុណ្ណោះ។

៣៖ ការឈានជើងចូលប្រឡូកនយោបាយ

* លោក មីឈែល ម៉ាធែលលី (Michel Martelly) ដែលត្រូវជាប្រធានាធិបតីហៃទីកាលពីឆ្នាំ២០១៥ បានជ្រើសតាំងលោក Jovenel Moïse ជាបេក្ខជនប្រធានាធិបតីតំណាងគណបក្ស ថេត កាល (Tèt Kale) ដែលលោក Martelly ជាស្ថាបនិក។

* លោក Jovenel Moïse ដែលធ្លាប់មានជំនាញ និងជាសហគ្រិនលេចធ្លោផ្នែកកសិកម្មស្រាប់ បានជ្រើសរើសយកគោលដៅ អភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសហៃទី ធ្វើគន្លឹះក្នុងការឃោសនារកសំឡេងឆ្នោត ខណៈគេដឹងថា ប្រជាជនហៃទីរហូតដល់ជាង ៥០% រស់នៅទីជនបទ។

* នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្រោយការបោះឆ្នោតប្រធានាធិបតីជុំទី ១ លោក Jovenel Moïse ទទួលបានសំឡេងគាំទ្រ ៣២.៨% ប៉ុន្តែក្រោយមកការរាប់សំឡេងមានការប្រែប្រួល ដែលនាំឲ្យលោកធ្លាក់ចុះសំឡេងគាំទ្រនៅសល់តែ ៦% ប៉ុណ្ណោះ និងត្រូវបានចោទប្រកាន់ដោយគណបក្សលោកថា ជាលទ្ធផលក្លែងបន្លំ។

* នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាពេលនៃការបោះឆ្នោតផ្លូវការមកដល់ នៅទីបំផុតលោក Jovenel Moïse បានឈ្នះឆ្នោត ដោយទទួលបានសំឡេងគាំទ្រ ៥៥.៦៧%។ លោកបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីហៃទី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយនឹងអាណត្តិដឹកនាំ ០៥ឆ្នាំ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែលោកបានទទួលមរណភាពបាត់ទៅហើយ។

៤៖ ការធ្វើឃាតលោក Jovenel Moïse

* លោកប្រធានាធិបតី Jovenel Moïse ត្រូវបានបាញ់សម្លាប់ នៅឯគេហដ្ឋានរបស់លោកស្ថិតនៅជាយទីក្រុង ព័រអូព្រីន ដោយក្រុមខ្មាន់កាំភ្លើងបរទេស ដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

* ភរិយារបស់លោក Moise ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យរួចហើយ។

* នាយករដ្ឋមន្ត្រីស្តីទីរបស់ហៃទីលោក ក្លូដ ចូសិព (Claude Joseph) បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ កុំចលាចល ដោយលោកអះអាងថា កងកម្លាំងប៉ូលិស និងយោធានឹងធានាសន្តិសុខជូនប្រទេសជាតិ។

គួរបញ្ជាក់ថា ការធ្វើឃាតប្រធានាធិបតីហៃទីនេះបានកើតមានឡើង ស្របពេលដែលប្រទេសដ៏ក្រីក្រ ជាប់តំបន់សមុទ្រការីបៀនមួយនេះ កំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។

លោក Jovenel Moise បានទទួលមរណភាពនៅអាយុ ៥៣ឆ្នាំ ក្នុងនាមជាប្រធានាធិបតីទី ៥៨ របស់ប្រទេសហៃទី។ កាលពីអំឡុងឆ្នាំ២០១៩ លោកក៏ធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ង ដើម្បីទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះ វិបត្តិនយោបាយដ៏ក្តៅគគុក ក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន។ នៅមុនទទួលមរណភាព ដោយការធ្វើឃាតនេះ លោក Jovenal Moise បានទទួលបរាជ័យ ក្នុងការរៀបចំការបោះឆ្នោតសភា និងជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស នៅក្នុងប្រទេសដែលមានប្រជាជនជាង ១១លាននាក់មួយនេះ៕