(ផ្ល័ររីដា)៖ អាជ្ញាធរអាមេរិកបានដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ស្ថិតនៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤៦នាក់ហើយ ក្រោយរកឃើញ ១០នាក់ទៀតនៅររសៀលថ្ងៃនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CBS News នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅរស់រានមានជីវិតឡើយ បន្ទាប់ពីផ្នែកមួយនៃអគារខុនដូខាងលើ បានបាក់រលំជាងមួយសប្តាហ៍មកនេះ ហើយមនុស្ស ៩៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក ហើយបន្ទាប់មកទៀតក្រុមសង្គ្រោះ បានសម្រេចបំផ្ទុះអគារដែលនៅសល់តែម្តង។

ទោះជាយ៉ាងណា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឱ្យកើតមានសោកនាដកម្ម បាក់រលំអគារខាងលើនេះទេ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឱ្យដឹងថា កាលពីឆ្នាំ២០១៨ វិស្វករមួយក្រុមបានធ្វើការត្រួតពិនិត្យលើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឱ្យមាន ការជួសជុលឡើងវិញផងដែរ៕