(គីវ)៖ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតមួយ បានកើតឡើងលើគេហទំព័រ របស់ប្រធានាធិបតីអ៊ុយក្រែន, សេវាកម្មសន្តិសុខ និងវិទ្យាស្ថានផ្សេងទៀត នៅរសៀលថ្ងៃអង្គារ ប៉ុន្តែពួកគេបានធ្វើការវាយប្រហារម្តងទៀត នៅល្ងាចនេះ, នេះបើតាមការបញ្ជាក់ពី សេវាកម្មគមនាគមន៍ពិសេសរបស់អ៊ុយក្រែន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ប្រភពខាងលើ មិនបានបង្ហាញថា អ្នកណានៅពីក្រោយការវាយប្រហារនេះនោះទេ។

រដ្ឋាភិបាលទីក្រុង Kyiv របស់អ៊ុយក្រែន កាលពីពេលកន្លងមក ធ្លាប់បានចោទប្រកាន់រុស្ស៊ី ថាបានរៀបចំការវាយប្រហារតាមអ៊ិនធើណេត ដែលជាផ្នែកមួយ នៃ «សង្គ្រាមកូនកាត់» ប្រឆាំងនឹងអ៊ុយក្រែន។ រុស្ស៊ីបដិសេធរឿងនេះ។

គួររំលឹកថា ទីក្រុង Kyiv និងទីក្រុង Moscow បានប្រឈមុខដាក់គ្នា ចាប់តាំងពីរុស្ស៊ី បានដាក់បញ្ចូលតំបន់ឧបទ្វីប Crimea ចូលក្រោមការគ្រប់គ្រងរបស់ខ្លួន ពីប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ហើយបានគាំទ្រដល់ក្រុមផ្តាច់ខ្លួន នៅក្នុងជម្លោះមួយ ក្នុងតំបន់ Donbass របស់អ៊ុយក្រែន ដែលទីក្រុង Kyiv បានលើកឡើងថា បានសម្លាប់មនុស្ស១៤,០០០នាក់៕