(ហ្សឺណេវ)៖ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកទល់ពេលនេះបានកើនដល់ ៤លាននាក់។ នេះបើតាមការចេញការចេញផ្សាយដោយ សារព័ត៌មាន BNO នៅយប់ថ្ងៃពុធ ទី០៧ ខែកក្ដដា ឆ្នាំ២០២១។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ចំពោះមុខជំងឺរាតត្បាតសកលមួយនេះ ។ យើងទើបតែបានឆ្លងផុតនូវព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយ នៃការស្លាប់មនុស្សចំនួន ៤លាននាក់ ដោយសារជំងឺកូវីដ១៩»

គួរបញ្ជាក់ថា វីរុសកូរ៉ូណាដែលត្រូវបានគេស្គាល់ជាផ្លូវការថា SARS-CoV-2 បានលេចមុខជាលើកដំបូងនៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះបានឆ្លងរាលដាលដល់ប្រទេសស្ទើរតែទាំងអស់នៅលើផែនដី ដែលបានឆ្លងដល់មនុស្សយ៉ាងតិច ១៤០ លាននាក់ និងមនុស្សរាប់លាននាក់ទៀតបានឆ្លងដោយមិនដឹងខ្លួន៕