(ហៃទី)៖ ប្រធានាធិបតីហៃទី លោក Jovenal Moise ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅឯគេហដ្ឋានឯកជនរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីស្តីទីរបស់ហៃទីលោក ក្លូដ ចូសិព (Claude Joseph) បានអះអាងថា «លោកប្រធានាធិបតីត្រូវបានបាញ់សម្លាប់ នៅឯគេហដ្ឋានរបស់លោក ក្រុមខ្មាន់កាំភ្លើងបរទេស ដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ»។ យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ថា គេហដ្ឋានលោក ចូវែណល ម៉យស៍ (Jovenal Moise) ស្ថិតនៅជាយរដ្ឋធានី ព័រអូព្រីន។ ជាមួយគ្នានេះ ភរិយារបស់លោក Moise ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យរួចហើយ។

ចំពោះមុខស្ថានការណ៍នេះ លោក Joseph បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ កុំចលាចល ដោយលោកអះអាងថា កងកម្លាំងប៉ូលិស និងយោធានឹងធានាសន្តិសុខជូនប្រទេសជាតិ។

គួរបញ្ជាក់ថា ការធ្វើឃាតប្រធានាធិបតីហៃទីនេះបានកើតមានឡើង ស្របពេលដែលប្រទេសដ៏ក្រីក្រ ជាប់តំបន់សមុទ្រការីបៀនមួយនេះ កំពុងជួបការកើនឡើងនូវអំពើហិង្សា វិបត្តិស្បៀងអាហារ និងភ័យខ្លាចអំពីភាពចលាចលជារៀងរាល់ថ្ងៃ ព្រោះតែការអូសបន្លាយនៃវិបត្តិនយោបាយ ព្រមទាំងការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។

លោក Jovenal Moise បានទទួលមរណភាពនៅអាយុ ៥៣ឆ្នាំ ក្នុងនាមជាប្រធានាធិបតីទី ៥៨ របស់ប្រទេសហៃទី។ អតីតសហគ្រិនរូបនេះ បានឡើងកាន់តំណែងជាប្រធានាធិបតីដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីការទទួលបានជោគជ័យក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។

កាលពីអំឡុងឆ្នាំ២០១៩ លោកក៏ធ្លាប់ត្រូវបានក្រុមប្រឆាំងប៉ុនប៉ង ដើម្បីទម្លាក់ចេញពីតំណែងផងដែរ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយចាប់តាំងពីពេលនោះ វិបត្តិនយោបាយដ៏ក្តៅគគុក ក៏បានអូសបន្លាយមកទល់នឹងបច្ចុប្បន្ន។ នៅមុនទទួលមរណភាព ដោយការធ្វើឃាតនេះ លោក Jovenal Moise បានទទួលបរាជ័យ ក្នុងការរៀបចំការបោះឆ្នោតសភា និងជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស នៅក្នុងប្រទេសដែលមានប្រជាជនជាង ១១លាននាក់មួយនេះ៕