(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រវាងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយពិភពលោក នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដោយបានគូសបញ្ជាក់ថា វិធីសាស្ត្រក្នុងការសម្រេចប្រជាធិបតេយ្យគឺមានច្រើនបែបយ៉ាង មិនអាចដូចគ្នាទាំងស្រុងនោះទេ។ តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គឺត្រូវវាយតម្លៃដោយប្រជាជនរបស់ប្រទេសនោះ តែមិនមែនដោយប្រទេសមួយចំនួនតូចនោះទេ។

លោក Xi Jinping បានថ្លែងថា មាគ៌ាឆ្ពោះទៅរកសុភមង្គលគឺខុសៗគ្នា ប្រជាជនគ្រប់ប្រទេសមានសិទ្ធិ ដើម្បីជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ និងរូបមន្តរបបរបស់ខ្លួន។ គណបក្សនយោបាយ ត្រូវបន្តបង្កើនសមត្ថភាពស្វែងរក សុភមង្គលជូនប្រជាជន ទំនួលខុសត្រូវនៃការបង្កើនកិច្ចសហប្រតិបត្តិការ ចាប់ដៃគ្នាដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ និងបញ្ហាប្រឈមជាសកល។

លោក Xi Jinping បានបញ្ជាក់ថា បណ្តាភាគីគួរបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីជំរុញការកសាងនយោបាយប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ ប្រឈមមុខនឹងជំងឺកូវីដ១៩ ដែលនៅតែរីករាលដាលយ៉ាងខ្លាំង គណបក្សនយោបាយនៃប្រទេសនានា គួររួមគ្នាប្រឆាំងនឹងយកបញ្ហាជំងឺឆ្លងទៅបម្រើផលប្រយោជន៍នយោបាយ និងការបិទសញ្ញាសម្គាល់លើវីរុស ដើម្បីជំរុញការកសាងសហគមន៍សុខភាពមនុស្សជាតិ។ រីឯពេលប្រឈមមុខនឹងសត្រូវរួមនៃមនុស្សជាតិ ដូចជាភេរវនិយមជាដើម គណបក្សនយោបាយគួរធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសុខសុវត្ថិភាព ហើយគួររួមគ្នាឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុផង ដើម្បីស្វែងរកនូវមាគ៌ាដែលមនុស្សជាតិ និងធម្មជាតិអាចរួមរស់ដោយសុខដុមរមនា៕