(ឡូសអាន់ជែលែស)៖ ភ្លើងឆេះព្រៃហៅថា Salt Fire ដែលជាភ្លើងឆេះព្រៃទំហំធំ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បានឆេះរាលដាលលើផ្ទៃដីសរុបជាង៥០គីឡូម៉ែត្រក្រឡា ហើយមកទល់ពេលនេះក្រុមពន្លត់អគ្គីភ័យ ទើបគ្រប់គ្រងបាន២០ភាគរយប៉ុណ្ណោះ បន្ទាប់ពីវាបានលេចឡើងកាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ថ្មីចុងក្រោយបានបង្ហាញថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងតែប្រឹងប្រែងគ្រប់គ្រងការរាលដាល និងពន្លត់ភ្លើងឆេះព្រៃខាងលើ នៅតាមតំបន់ភ្នំ ព្រមទាំងជួយរៀបចំការការពារសំណង់ផ្សេងៗ នៅតាមសហគមន៍ជិតខាង ដែលមកទល់ពេលនេះ អគារប្រហែលជា៤១ខ្នង ក្នុងនោះរួមមានផ្ទះសម្បែង២៧ខ្នង បានរងការខូចខាត។

គួរបញ្ជាក់ថា ក្រៅពីភ្លើងឆេះព្រៃខាងលើ ក៏មានភ្លើងឆេះព្រៃធំ២ផ្សេងទៀតផងដែរ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ប៉ុន្តែពួកវាត្រូវគ្រប់គ្រងបានលើស៥០ភាគរយហើយ។ ក្នុងនោះភ្លើងឆេះព្រៃឈ្មោះថា Lava Fire ត្រូវគ្រប់គ្រងបាន៧២ភាគរយ ក្រោយរាលដាលលើផ្ទៃដីទំហំជាង ១០០គីឡូម៉ែត្រក្រឡា ខណៈភ្លើងឆេះព្រៃឈ្មោះ Tennant ដែលរាលដាលលើផ្ទៃដីទំហំ៤៣គីឡូម៉ែត្រក្រឡា ត្រូវគ្រប់គ្រងបាន៥៧ភាគរយ៕