(ផ្ល័ររីដា)៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ដែលមានឈ្មោះថា ឆេមផ្លេន (Champlain Towers) ដែលស្ថិតនៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់ នៅរស់រានមានជីវិតឡើយ បន្ទាប់ពីផ្នែកមួយនៃអគារខុនដូខាងលើ បានបាក់រលំជាងមួយសប្តាហ៍មកនេះ ហើយមនុស្ស ១០៩នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។ អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក ហើយបន្ទាប់មកទៀតក្រុមសង្គ្រោះ បានសម្រេចបំផ្ទុះអគារដែលនៅសល់តែម្តង។

ទន្ទឹមនឹងនេះ កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ក៏ត្រូវបានបង្ខំចិត្តផ្អាកប្រហែល ២ម៉ោងនៅរសៀលថ្ងៃអង្គារសប្ដាហ៍នេះផងដែរ ដោយសារតែមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងក្នុងល្បឿនលើសពី ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនិងព្យុះត្រូពិចអេលសា (Elsa)។

គួរបញ្ជាក់ថា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឱ្យកើតមានសោកនាដកម្ម បាក់រលំអគារខាងលើនេះទេ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឱ្យដឹងថា កាលពីឆ្នាំ២០១៨ វិស្វករមួយក្រុមបានធ្វើការត្រួតពិនិត្យលើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឱ្យមាន ការជួសជុលឡើងវិញផងដែរ៕