(រ៉ង់ហ្គូន)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើនកាលពីពេលថ្មីៗនេះបានរាយការណ៍ថាចិនបានប្រមូលផ្ដុំកងទ័ពនៅឯទីក្រុង Jiegao ជាប់ព្រំដែនជាមួយទីក្រុង Muse នៃរដ្ឋ Shan របស់ប្រទេសមីយាន់ម៉ា។ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីមានព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈដែលបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចាត់ទុកថាជាការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី។

បើតាមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សច្រើនជាង ៨០០នាក់ហើយបានស្លាប់នៅក្នុងអំពើហិង្សា រីឯកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចកាន់តែច្រើន បានចូលរួមជាមួយ «រដ្ឋាភិបាលស្រមោល» បង្កើតឡើងដោយក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ដើម្បីតស៊ូប្រយុទ្ធដោយប្រដាប់អាវុធ ជាមួយយោធាមីយ៉ាន់ម៉ា។ ប្រឈមមុខនឹងភាពចលាចល និងស្ថានភាពមិនច្បាស់លាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចិនត្រូវបានគេរាយការណ៍ថាបានប្រមូលផ្ដុំកងទ័ពជាច្រើន នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា ដែលនេះបាន និងកំពុងបង្កឱ្យមានការចោទសួរជាសំណួរថាតើហេតុអ្វីចិនប្រមូលផ្ដុំកងទ័ពបែបនេះ?

កាលពីខែកញ្ញា ឆ្នាំ២០២០ ចិនក៏ធ្លាប់បានសម្រេចចិត្តចាត់វិធានការពិសេសនៅតាមតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ាផងដែរ តែនៅកាលណោះចិនបិទព្រំដែនជាមួយប្រទេស អាស៊ីអាគ្នេយ៍មួយនេះ គឺដោយសារតែការឆ្លងរាតត្បាត COVID-19។

*ផលប៉ះពាល់បង្កឡើងដោយរដ្ឋប្រហារ

ព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ដែលបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកចាត់ទុកថាជាការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី បានបង្កឱ្យមានបាតុករតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយក្នុងនោះក៏មានផងដែរការវាយប្រហារលើរោងចក្រចិនជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន និងនៅតាមទីក្រុងដទៃទៀត។

ក្រុមបាតុករមីយ៉ាន់ម៉ាដែលបានចូលរួមក្នុងបាតុកម្មវាយប្រហារលើរោងចក្រចិន បានចោទប្រកាន់រដ្ឋាភិបាលចិនថាបានគាំទ្រការធ្វើរដ្ឋប្រហារ ក្រោមហេតុផលនយោបាយ និងការលក់អាវុធ។ ក៏ប៉ុន្តែ ការចោទប្រកាន់ទាំងនេះត្រូវបានទីក្រុងប៉េកាំងបដិសេធដោយចាត់ទុកថាវាជារឿងមិនពិត ហើយថាចិនគាំទ្រជានិច្ចការដោះស្រាយវិបត្តិនៅក្នុង ប្រទេសមីយ៉ាន់ម៉ាដោយសន្ដិវិធី និងតាមរយៈយន្ដការអាស៊ាន។ ចិនក៏ធ្លាប់បានអំពាវនាវដែរឱ្យអាជ្ញាធរមីយ៉ាន់ម៉ាការពាររោងចក្រ ព្រមទាំងគម្រោងបំពង់ឧស្ម័ន និងប្រេង បន្ទាប់ពីបាតុករមីយ៉ាន់ម៉ាគំរាមបំផ្ទុះបំផ្លាញគម្រោងទាំងនេះ។

*ហេតុអ្វីចិនប្រមូលផ្ដុំកងទ័ពនៅតំបន់ព្រំដែន?

ស្របពេលអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងជាលំដាប់ និងការព្រួយបារម្ភពីការផ្ទុះរាលដាលទៅជាជម្លោះនៅក្នុងតំបន់ទាំងមូល កងទ័ពចិនត្រូវបានគេរាយការណ៍ថា បានប្រមូលផ្ដុំកម្លាំងនៅទីក្រុង Jiegao ដែលជាទីក្រុងជាប់តំបន់ព្រំដែនដ៏សំខាន់មួយ។ បើតាមប្រភពពីក្រុមមន្ត្រីចិននៅតំបន់ព្រំដែន កងទ័ពទាំងនោះមានតួនាទីធ្វើការឆ្លើយតប យ៉ាងឆាប់រហ័សនៅក្នុងករណីមានការវាយប្រហារណាមួយលើគម្រោងបំពង់ប្រេង និងឧស្ម័នរបស់ចិន។ គម្រោងបំពង់ប្រេង និងឧស្ម័នជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់នៃ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគម្រោងទាំងនេះឯងដែលបានចងភ្ជាប់ទំនាក់ទំនងរវាងចិន និងមីយ៉ាន់ម៉ាឱ្យខិតជិតគ្នា។

ដោយឡែក ក្រុមអ្នកតាមដានស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាយល់ថាការប្រមូលផ្ដុំកងទ័ពនេះគឺជាការត្រៀមខ្លួនការពារផលប្រយោជន៍របស់ចិន, ថែរក្សាស្ថិរភាព នៅតំបន់ព្រំដែន ក៏ដូចជាត្រៀមខ្លួនទប់ស្កាត់កុំឱ្យជម្លោះរាលដាល ឬលំហូរជនភៀសខ្លួនចូលមកក្នុងទឹកដីចិន ចំពេលវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាមិនមានសញ្ញាថា មានច្រកចេញទាល់តែសោះ។

គួរបញ្ជាក់ថា ចិនធ្លាប់បានអះអាងថាជារឿយៗថាខ្លួនគាំទ្រជានិច្ចការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធី និងតាមរយៈយន្ដការអាស៊ាន។ អាស៊ានក៏ធ្លាប់បាន បើកកិច្ចប្រជុំពិសេសជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីង អោង ហ្លេង ហើយថែមទាំងបានឈានដល់ការឯកភាពគ្នាអំពាវនាវឱ្យបទឈប់បាញ់ និងបញ្ឈប់រាល់ អំពើហិង្សាជាបន្ទាន់ទៀតផង។ ប៉ុន្តែមកទល់នឹងពេលនេះ គេមិនទាន់ឃើញមានសញ្ញាធូរស្រាល ឬវិជ្ជមានណាមួយនៅឡើយទេ៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី០៦ ខែកក្ដដា ឆ្នាំ២០២១)