(តូក្យូ)៖ ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក តារ៉ូ អាសូ (Taro Aso) បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នា ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយសំណាក់ចិន ហើយដែលការអត្ថាធិប្បាយបែបនេះ បានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

លោក Taro Aso បានធ្វើការកត់សម្គាល់ខាងលើ នៅឯវេទិការៃអង្គាសប្រាក់ សម្រាប់គណបក្សនយោបាយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដោយថែមទាំងសង្កត់ធ្ងន់ផងដែរថា ការវាយប្រហារលើកោះតៃវ៉ាន់ គួរតែត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដោយកម្លាំងខាងក្រៅ ដែលនេះអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិការពារខ្លួន។

ការលើកឡើងបែបនេះរបស់លោក Aso ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ជាការត្រៀមលក្ខណៈសម្រាប់ជម្លោះជាមួយចិន ជុំវិញកោះតៃវ៉ាន់។

ជាប្រតិកម្មឆ្លើយតបចំពោះបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានបញ្ជាក់នៅក្នុង សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា «ការលើកឡើងរបស់លោក Aso បាននិងកំពុងបំផ្លាញដល់ទំនាក់ទំនងនយោបាយ ជាមូលដ្ឋានរវាងចិន និងជប៉ុន»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក មិនបានទទួលស្គាល់តៃវ៉ាន់ជាប្រទេសឡើយ ដោយអនុវត្តគោលនយោបាយចិនតែមួយ។ តែទោះជាបែបនេះក្ដី ទីក្រុងវ៉ាស៊ីនតោននៅតែរក្សា ទំនាក់ទំនងមិនផ្លូវការ ជាមួយកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម៕