(ហុងកុង)៖ ប៉ូលិសហុងកុង នៅថ្ងៃអង្គារនេះ បានឃាត់ខ្លួនមនុស្ស ០៩នាក់ពីបទសង្ស័យពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម បន្ទាប់ពីបានរកឃើញថា ពួកគេបានប៉ុនប៉ងរៀបចំបំផ្ទុះគ្រាប់បែក នៅកន្លែងផ្សេងៗក្នុងទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

ប៉ូលិសហុងកុង បានគូសបញ្ជាក់ថា ក្នុងចំណោមមនុស្ស ០៩នាក់ដែលត្រូវបានឃាត់ខ្លួន មាន០៦នាក់ជាសិស្សអនុវិទ្យាល័យ។ ពួកគេបានព្យាយាមផលិតសារធាតុផ្ទុះដ៏មានឥទ្ធិពលមួយប្រភេទ ហៅថា Triacetone Triperoxide (TATP) នៅក្នុងសណ្ឋាគារមួយ។

បើតាមប៉ូលិសហុងកុង ពួកគេគ្រោងនឹងប្រើសារធាតុផ្ទុះ TATP បង្កើតជាគ្រាប់បែកច្នៃដើម្បីបំផ្ទុះនៅតុលាការ ផ្លូវក្រោមដីក្នុងទីក្រុង ផ្លូវដែក និងសូម្បីតែក្នុងធុងសំរាមតាមដងផ្លូវ ដើម្បីបង្កើនការខូចខាតឲ្យដល់ កម្រិតអតិបរមាចំពោះសង្គមថែមទៀតផង។

គួរបញ្ជាក់ថា បើតាមលោក លី ក្វៃវ៉ា (Li Kwai-wah) មន្រ្តីប៉ូលីសមកពីនាយកដ្ឋានសន្តិសុខជាតិហុងកុង មនុស្សទាំង ០៩នាក់ដែលត្រូវឃាត់ខ្លួននោះ មានអាយុចន្លោះពី ១៥ ទៅ ៣៩ឆ្នាំ និងមានបុរស ០៥នាក់ និងស្ត្រី ០៤នាក់៕